មនុស្សប្រុសស្រីចំនួន៣នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យឆាបឆេះរថយន្តដឹកប្រេងមួយគ្រឿង ដោយសារការអាំងងាវ ពេលបង្ហូរសាំង
(ខេត្តព្រះសីហនុ)៖ តាមរយៈការចុះផ្សាយព័ត៌មានលម្អិតពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១១:៤០ នាទីយប់ មនុស្សប្រុសស្រីចំនួន ០៣នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរថយន្តដឹកប្រេងមួយគ្រឿង នៅក្នុងខេត្តព្រះសីហនុ។

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់ថា ករណីអគ្គិភ័យឆេះរថយន្តដឹកប្រេងចំនួ ១គ្រឿង រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋស្ថិតនៅចំណុច ភូមិ ព្រែកប្រស់ ឃុំ ទឹកថ្លា ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ។
ចំពោះការរងខូចខាតរួមមាន ឆេះរថយន្តដឹកប្រេងចំនួន ០១គ្រឿងរបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ 4A-2820 ឆេះក្បាលរថយន្តអស់ទាំងស្រុង នឹងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នងអស់ទាំងស្រុង ម៉ូតូចំនួន ០៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន ៥០.០០០ ម៉ឺនដុល្លារ ព្រមទាំងបណ្ដាលអោយស្លាប់មនុស្សចំនួន ០៣នាក់។
ដោយឡែកម្ចាស់ផ្ទះដែលរងគ្រោះមាន៖
– ម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុត ភាព ភេទ ស្រី អាយុ ៤៩ ឆ្នាំ មុខរបរ កម្មកររោងចក្រ ផ្ទះសង់អំពីឈើដំបូលប្រក់សង្ក័សីមានទំហំទទឹង០៤ម៉ែត្រគុណបណ្ដោយ០៦ម៉ែត្រ (អស់ទាំងស្រុង)។
– ម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី ភេទ ប្រុស អាយុ ៤០ ឆ្នាំ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ បាត ស្រីមុំ ភេទ ស្រី អាយុ ៣៥ ឆ្នាំ មុខរបរ លក់ដូរ ផ្ទះសង់អំពីថ្ម ដំបូលប្រក់សង្ក័សី មានទំហំទទឹង០៧ម៉ែត្រគុណបណ្ដោយ១៥ម៉ែត្រ (ឆេះផ្ទះអស់ទាំងស្រុង) និងបណ្ដាលឱ្យជនរងគ្រោះចំនួន ០៣នាក់ បាត់បង់ជីវិតរួមមាន៖
១. ឈ្មោះ យ៉ារី សុខសិលា ភេទ ប្រុស អាយុ ១៨ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
២. ឈ្មោះ ភក្ដី រីតា ភេទ ស្រី អាយុ ១៥ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
៣. ឈ្មោះ ភក្ដី សំមេន ភេទ ប្រុស អាយុ ១៣ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងម្ដាយឈ្មោះ បាត ស្រីមុំ អាយុ ៣៥ ឆ្នាំ រងរបួសស្រាល។
ចំពោះមូលហេតុតាមការបំភ្លឺរបស់ឈ្មោះ ភក្ដី គារ៉ា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះ បានបញ្ជាក់ថា មុនពេលកើតហេតុរូបគាត់កំពុងបង្ហូរសាំងដាក់ប៊ីដុងពីរថយន្តដឹកប្រេង ដែលអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន CLEAN ENERGlES បានបង្ហូរសាំងលក់អោយទៅម្ចាស់ផ្ទះខាងលើរួចគាត់បានបង្ហូរសាំងបានចំនួន ០២ប៊ីដុង ក៏លើកយកមកទុកក្នុងផ្ទះ រួចហើយក៏បានបង្ហូរសាំងបន្ថែមទៀតទើបតែបានកន្លះប៊ីដុង ពេលនោះដែរម្ដាយរបស់គាត់ក៏កំពុងអាំងងាវហូបនៅពីមុខផ្ទះ ភ្លាមៗនោះស្រាប់តែឆាបឆេះជាអគ្គិភ័យកើតឡើងតែម្ដង។
ករណីអគ្គិភ័យខាងលើកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ចំនួន ០២គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្ត ស្មើនិង ០១២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន០២គ្រឿង បានប្រើប្រាស់ទឹកអស់ ០២រថយន្ត ស្មើនិង ០៨ម៉ែត្រគូប៕




ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ