ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំជំរុញយុទ្ធនាការ «រដូវកាលបៃតង» ដើម្បីត្រៀមទទួលភ្ញៀវទេសចរ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំជំរុញយុទ្ធនាការ «រដូវកាលបៃតង» ដើម្បីត្រៀមទទួលភ្ញៀវទេសចរ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយជាមួយក្រុមការងារ និងភាគីពាក់ព័ន្ធសំខាន់ៗក្នុងវិស័យទេសចរណ៍ ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់ «រដូវកាលបៃតង» (Green Season) ដែលជាគំនិតផ្តួចផ្តើមថ្មីរបស់រាជរដ្ឋាភិបាល។
កិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងទេសចរណ៍នេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ព្រមទាំងអ្នកពាក់ព័ន្ធសំខាន់ៗសរុបចំនួន ៦៨នាក់ រួមមានតំណាងសមាគមទេសចរណ៍ សហព័ន្ធទេសចរណ៍ សមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
យុទ្ធនាការ «រដូវកាលបៃតង» នេះ ត្រូវបានគាំទ្រដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងជំនួសការហៅរដូវវស្សា (ខែមេសា ដល់ខែតុលា) ជា «រដូវកាលថយភ្ញៀវ» មកជា «រដូវកាលបៃតង» វិញ ដើម្បីបង្ហាញពីភាពស្រស់ស្អាត បរិយាកាសត្រជាក់ និងភាពស្ងប់ស្ងាត់របស់កម្ពុជានារដូវនេះ។ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ក្រសួងទេសចរណ៍ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ ជាពិសេសក្នុងអំឡុងរដូវកាលថ្មីនេះ។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់វិស័យឯកជន និងអ្នកផលិតមាតិកា ដោយរំពឹងថានឹងទទួលបានធាតុចូលល្អៗបន្ថែមទៀត ដើម្បីពង្រឹងយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរក្នុងរដូវកាលបៃតងឱ្យមានកំណើនលើសពីការរំពឹងទុក។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនអង្គប្រជុំអំពីសញ្ញាវិជ្ជមាននៃកំណើនទេសចរអន្តរជាតិក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៥ ដែលមានចំនួនជិត ២លាននាក់ ពោលគឺកើនឡើងជាង ១៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។ កំណើននេះសបញ្ជាក់ឱ្យឃើញពីសក្តានុពលទេសចរណ៍របស់កម្ពុជា ក៏ដូចជាភាពទាក់ទាញដែលកើតចេញពីសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជម្រើសស្នាក់នៅ ម្ហូបអាហារសម្បូរបែប ការកម្សាន្ត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
ដើម្បីបន្តពង្រឹងគុណភាព និងជំរុញការធ្វើបដិសណ្ឋារកិច្ចក្នុងរដូវកាលបៃតងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់វិស័យឯកជនឱ្យរួមគ្នាពិចារណាការបញ្ចុះតម្លៃសេវាកម្មស្នាក់នៅ និងម្ហូបអាហារ ពង្រឹងគុណភាពបដិសណ្ឋារកិច្ច និងជាពិសេសរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅតាមរាជធានី-ខេត្ត ដោយត្រូវរៀបចំឡើងដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណវប្បធម៌ខ្មែរច្បាស់លាស់។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហការយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវគោលដៅកំណើនភ្ញៀវទេសចរបន្ថែមទៀតក្នុងឆ្នាំ ២០២៥ នេះ៕



ប្រភព៖ ក្រសួងព័ត៌មាន