សហគមន៍កសិកម្ម ទុរេនបែកអន្លូងស្ទឹងត្រង់ បញ្ជាក់ថា ទុរេនបែកអន្លូងភាគច្រើនមិនទាន់ដល់ពេលកាត់ប្រមូលផលបាននៅឡើយទេ
(ខេត្តកំពុងចាម)៖ កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ សហគមន៍កសិកម្ម ទុរេនបែកអន្លូងស្ទឹងត្រង់ ជូនដំណឹងដល់ បណ្តាអ្នកលក់ដុំលក់រាយ និងបងប្អូននិយមបរិភោគទុរេន ជាពិសេសតាមបណ្តាញសង្គម ដែលបានអះអាង និងផ្សព្វផ្សាយថាជាទុរេនបែកអន្លូងយកមកលក់ដល់អ្នកបរិភោគ មិនមានប្រភពពិតប្រាកដឬក៏អាចជាទុរេននាំចូលមកពី ប្រទេសជិតខាង ដែលជាផលប៉ះពាល់ដល់កសិករដាំទុរេននៅទឹកដីខាងបែកអន្លូងទាំងមូល។

តាមការបញ្ជាក់បន្ថែមរបស់ សហគមន៍កសិកម្ម ទុរេនបែកអន្លូងស្ទឹងត្រង់ ថា ដោយសង្កេតឃើញថានាពេលកន្លងទៅមានចរន្តលក់ដូរផ្លែទុរេនមួយចំនួននៅតាមបណ្តាក្រុងរាជធានី ខេត្តបានផ្សព្វផ្សាយលក់ដោយអះអាងថាជាទុរេនបែកអន្លូងយ៉ាងកក្រើកកប្រេងទៅដល់អ្នកបរិភោគជាពិសេស តាមបណ្តាញសង្គម ដែលទាំងនេះវាធ្វើឱ្យប៉ះពាល់ដល់កសិករដាំទុរេននៅទឹកដីខាងបែកអន្លូងទាំងមូល។
ដោយហេតុថាទុរេនដែលដាក់លក់ទាំងនោះមិនមានប្រភពពិតប្រាកដឬក៏អាចជាទុរេននាំចូលមកពី ប្រទេសជិតខាងដែលចិនមិនអនុញ្ញាតិអោយចូលក៏ថាបានដែលទាំងនេះអាចបណ្តាលឱ្យប៉ះពាល់សុខភាពអ្នកបរិភោគធ្ងន់ធ្ងរ។
សូមបញ្ជាក់បងប្អូននិយមបរិភោគទុរេន ឱ្យបានដឹងថា គិតត្រឹមថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ នេះ ទុរេនបែកអន្លូងឬទុរេន មានប្រភពមកពីតំបន់បែកអន្លូងភាគច្រើនបំផុតមិនទាន់ដល់ពេលកាត់ប្រមូលផលបាននៅឡើយទេចំពោះពូជ ទុរេនម៉ាន់ថង ហើយករណីទុរេនម៉ាន់ថងដែលអាចកាត់បានគឺមានបរិមាណតិចតួចបំផុតដែលមិនអាចដាក់លក់ឬ ផ្សាយលក់យ៉ាងច្រើនឬដល់រាប់តោននោះបានដែរ៕


