សិល្បៈ

អស្ចារ្យលើសពីបទចម្រៀង បទ សុវណ្ណភូមិ របស់ វណ្ណដា ចេញភ្លាមគ្រប់គ្នាសាទរ និងព្រឺសម្បុរស្រមៃឃើញបុព្វបុរសខ្មែរតែម្តង

BY
SOMATEY
May 14, 2025

មនុស្សជាច្រើនប្រាកដជាបានជ្រាបរួចមកហើយ អំពីការចេញបទចម្រៀងថ្មីរបស់ តារាចម្រៀង និងរ៉េប ដ៏មានកេរ្តិ៍ឈ្មោះមិនត្រឹមតែនៅកម្ពុជា តែនៅលើពិភពលោក វណ្ណដា ដែលកាលពីយប់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ នេះ លោកបានទម្លាក់ MV នៃបទចម្រៀងថ្មី “សុវណ្ណភូមិ” នៅលើ YouTube និង Facebook ជាដើម ។

ស្របពេលដែល វីដេអូចម្រៀងដ៏អស្ចារ្យនេះបានចេញផ្សាយភ្លាម មិនថាសិល្បកររួមអាជីព អ្នកគាំទ្រ ឬអ្នកនិយមលេងអ៊ីនធើណិត សុទ្ធតែបង្ហាញពីការពេញចិត្ត សាទរ និងមោទនភាពគ្រប់ៗគ្នា ព្រោះបទ សុវណ្ណភូមិ វាមិនត្រឹមតែបង្ហាញពីទីកន្លែងនោះទេ តែវាបង្ហាញពីអារម្មណ៍ វាគឺជាសំឡេងនៃការរំដោះ ជាសេរីភាពនៃចិត្តរបស់ខ្មែរ ក្នុងការដោះលែងការឈឺចាប់ពីអតីតកាល ហើយឈានជើងចូលទៅក្នុងភាពរីករាយ នៃបច្ចុប្បន្នភាព។

ជាមួយគ្នានេះ វណ្ណដា ផ្ទាល់ក៏បានបញ្ចេញមតិទៅលើបទចម្រៀងថ្មីនេះថា នៅពេលដែលលោកអង្គុយតែងចម្រៀងនេះ លោកបានគិតថាបើសិនជាខ្លួនបានទៅសិក្សា និងស្គាល់ពីទិដ្ឋភាពពីសម័យមាសផ្ទាល់ តើនឹងមានរឿងរ៉ាវអ្វីខ្លះដែលលោកអាចដកស្រង់បន្ថែម តារាចម្រៀងប្រុសរូបនេះបានបន្ថែមថា សាច់រឿងក្បាលដំបូងនៃវីដេអូ នៅពេលដែលដើរទៅកាន់ច្រកទ្វារនៃការស្រមៃ មិនត្រឹមតែជាទីកន្លែង គឺជារម្មណ៍ដែលរស់ក្នុងខ្មែរគ្រប់រូប ហើយលោកពិតជាមានមោទនភាពជាកូនខ្មែរមួយរួប។

អ្វីដែលគួរឱ្យរំភើបចិត្តថែមមួយកម្រិតទៀតនោះគឺ មិនត្រឹមតែប្រជាជនកម្ពុជានោះទេដែលសប្បាយចិត្ត និងសាទរ សូម្បីតែ YouTuber ល្បីៗជុំវិញពិភពលោកក៏បង្ហាញពីភាពស្ញប់ស្ញែង និងកោតសរសើរ វណ្ណដា ចំពោះវីដេអីចម្រៀង ដ៏អស្ចារ្យមួយនេះផងដែរ៕

Share This Post: