ឯកឧត្តម វ៉ាត់ ចំរើន ៖ គុណភាពបច្ចេកទេសអត្តពលិកចំបាប់កម្ពុជា ចាប់ពីស៊ីហ្គេម ២០២៣ ដល់ពេលនេះ នៅតែរក្សាបានល្អ មុនដល់ស៊ីហ្គេម ២០២៥
យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានគូសបញ្ជាក់ថា គុណភាពបច្ចេកទេសរបស់អត្តពលិកចំបាប់កម្ពុជា នៅតែអាចរក្សាបានក្នុងលក្ខណៈល្អប្រសើរដដែល ដោយមិនថមថយបច្ចេកទេសទេ មុនត្រៀមឆ្ពោះទៅចូលរួមប្រជែងមេដាយជូនជាតិ ក្នុងស៊ីហ្គេម នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥។

នេះជាការផ្តល់ខ្លឹមសារ ក្នុងបទសម្ភាសន៍ដោយឡែកមួយរបស់ឯកឧត្តម វ៉ាត់ ចំរើន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ស្របពេលដែលក្រុមប្រតិភូអត្តពលិកកម្ពុជា ទើបនឹងចូលរួមប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសសិង្ហបុរី ថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៥ (Southeast Asian & Invitation Championship 2025) ក្រោមការជួយឧបត្ថម្ភគាំទ្រទាំងស្រុងពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន ខេមអេដ ដោយទទួលបានលទ្ធផលជាមេដាយសរុប ៨គ្រឿង។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ៖«ការចូលរួមប្រកួតអន្តរជាតិ កម្រិតអាស៊ីអាគ្នេយ៍មួយនេះ ក្រោមការឧបត្ថម្ភទាំងស្រុងពីលោក ខេស៊ី បាណេត និងទទួលបានឧត្ថម្ភជាប្រាក់ហោប៉ៅតាមគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ហើយអ្វីដែលសំខាន់ ក្នុងការប្រកួតនេះ យើងបានវាស់ស្ទង់សមត្ថភាពរបស់អត្តពលិកកម្ពុជា ក៏ដូចជាបានមើលឃើញអំពីសិទ្ធផលរបស់អត្តពលិកអាស៊ីអាគ្នេយ៍ផងដែរ។ អ្វីដែលសំខាន់ យើងនៅតែរក្សាបាននូវកម្រិតបច្ចេកទេស និងភាពជឿនលឿនក្នុងបច្ចេកទេសបានល្អ មានន័យថា ចាប់តាំងពីស៊ីហ្គេម ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះនោះ គឺគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាមិនបានចុះថមថយបច្ចេកទេសនោះទេ។ ដូច្នេះ ពួកគាត់នៅតែអាចរក្សាបាននូវកម្រិតបច្ចេកទេសនេះបានល្អប្រសើរដដែល»។
ក្នុងនាមប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានកោតសរសើរ និងអបអរសាទរចំពោះការខិតខំប្រឹងប្រែងការហ្វឹកហាត់ និងប្រកួតរបស់កីឡាករ កីឡាការិនីកម្ពុជាទាំងអស់ ជាពិសេសគ្រូបង្វឹក ក្រោមការគំាទ្រយ៉ាងពេលទំហឹងពីលោក ខេស៊ី បាណេត ដែលដណ្តើមបាននូវសមិទ្ធផលជាមេដាយយកមកជូនជាតិមាតុភូមិ ក្នុងការប្រកួតអន្តរជាតិជើងឯកកម្រិតតំបន់នេះ។ ប្រធានសហព័ន្ធសង្ឃឹមថា កីឡាករ កីឡាការិនីចំបាប់កម្ពុជានឹងបន្តស្វែងរកលទ្ធផលល្អ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលរៀបចំធ្វើម្ចាស់ផ្ទះ។
គួរបញ្ជាក់ថា ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជាដណ្តើមបានមេដាយសរុប៨គ្រឿង ក្នុងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី នៅប្រទេសសិង្ហបុរី ថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៥ (Southeast Asian & Invitation Championship 2025) ក្នុងនោះមានមេដាយមាស១គ្រឿង ដណ្តើមបានដោយកីឡាករ ហេង វុទ្ធី មេដាយប្រាក់៣គ្រឿង និងសំរឹទ្ធ៤គ្រឿង។ បេសកកម្មនេះទទួលបានការឧបត្ថម្ភគាំទ្រទាំងស្រុងពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន ខេមអេដ៕




ប្រភព៖ ក្រសួងព័ត៌មាន