សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចាត់ឱ្យគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA នាំអ៊ំប្រុស អ៊ំស្រី ដែលមានបញ្ហាភ្នែកឡើងបាយ និង កន្ទុយថ្លែន មកទទួលការព្យាបាលវះកាត់ភ្នែកឡើងបាយនៅមន្ទីរពេទ្យព្រះអង្គឌួង
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បាន នាំអ៊ំប្រុស អ៊ំស្រី ដែលមានបញ្ហាភ្នែកឡើងបាយ និង កន្ទុយថ្លែនបណ្តាលអោយភ្នែកស្រវាំងមើលមិនឃើញច្បាស់មកពីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មកទទួលការព្យាបាលវះកាត់ភ្នែកឡើងបាយនៅមន្ទីរពេទ្យព្រះអង្គឌួង បច្ចុប្បន្នទទួលការពិនិត្យវះកាត់ព្យាបាលដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សម្តេចបវរ និងលោកជំទាវបណ្ឌិត។

សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ ព្យាបាល ស្នាក់នៅ ធ្វើដំណើរជូនដល់អ៊ំប្រុស អ៊ំស្រី និងក្រុមគ្រួសារផងដែរ។
ទឹកចិត្តដ៏មហាសប្បុរសនេះធ្វើឱ្យ អ៊ំប្រុស អ៊ំស្រី និងក្រុមគ្រួសារមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

