ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ាគីស្ថានមានការផ្ទុះឡើងនៃមេរោគអេដស៍ ដែលបណ្តាលឱ្យកុមារជាច្រើនបានឆ្លងទាំងគ្មានមូលហេតុច្បាស់លាស់

    BY autoadmin May 23, 2019
    ប៉ាគីស្ថានមានការផ្ទុះឡើងនៃមេរោគអេដស៍ ដែលបណ្តាលឱ្យកុមារជាច្រើនបានឆ្លងទាំងគ្មានមូលហេតុច្បាស់លាស់

    ប៉ាគីស្ថាន៖ ឪពុកម្តាយជាច្រើនបានមានការព្រួយបារម្ភពីកូនៗរបស់ពួកគេ និងប្រញាប់ប្រញាល់នាំពួកគេទៅជួបជាមួយគ្រូពេទ្យ ជាមួយនឹងការត្អូញត្អែរថា កូនៗរបស់ពួកគេមានជំងឺគ្រុន ហើយវាមិនជាទៅវិញសោះ។ ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ មានកុមារកាន់តែច្រើនកំពុងមានអាការស្រដៀងគ្នានេះ។ ដោយមានការសង្ស័យ វេជ្ជបណ្ឌិតលោក Imran Aarbani បានបញ្ជូនឈាមរបស់កុមារទាំងនោះ ដើម្បីយកទៅធ្វើតេស្ត ហើយអ្វីដែលជាលទ្ធផលត្រឡប់មកវិញគឺថា ក្មេងៗត្រូវបានឆ្លងមេរោគអេដស៍ ហើយគ្មាននរណាម្នាក់ដឹងពីមូលហេតុនោះទេ។

    លោកវេជ្ជបណ្ឌិត Imran Aarbani បានប្រាប់មក BBC ថា៖ «នៅថ្ងៃ ទី២៤ ខែមេសា ក្មេងៗចំនួន ១៥នាក់ បានធ្វើតេស្តវិជ្ជមាន ទោះបីជាឪពុកម្តាយរបស់ពួកគេត្រូវបានគេរកឃើញថា គ្មានផ្ទុកមេរោគក៏ដោយ» ។ ចំណែករយៈពេលប៉ុន្មានខែមកនេះ មនុស្សច្រើនជាង ៦០៧នាក់ ដែល ៧៥% នៃពួកគេគឺជាកុមារ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានមេរោគអេដស៍នេះដែរ បន្ទាប់ពីមានពាក្យចចាមអារាមអំពីការផ្ទុះឡើងនៃមេរោគមួយនេះ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលកាន់តែខ្លាំងនោះគឺថា វាមិនមែនជាការផ្ទុះឡើងជាលើកដំបូងនៃមេរោគអេដស៍នោះទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

    កាលពីឆ្នាំ ២០១៦ មនុស្សចំនួន ១,៥២១នាក់ ត្រូវបានរកឃើញថា មានផ្ទុកមេរោគអេដស៍ តាមរយៈកម្មវិធីត្រួតពិនិត្យរោគអេដស៍ (SACP) ដែលធ្វើឡើងក្នុងខេត្ត Sindh ។ ប៉ុន្តែកាលនោះការផ្ទុះឡើងនៃមេរោគគឺកើតឡើងដោយសារសកម្មភាពអ្នករកសុីផ្លូវភេទ ដោយសារពួកអ្នករកស៊ីផ្លូវភេទទាំងនោះភាគច្រើនជាអ្នកប្តូរភេទ និងមានផ្ទុកមេរោគជាប់ខ្លួន។ ប៉ុន្តែសំណួរនៅតែចោទមានឡើងទាក់ទិននឹងការផ្ទុះមួយរយៈចុងក្រោយនេះ ថាតើការផ្ទុះជំងឺនេះអាចទាក់ទងនឹងការរកឃើញថ្មីៗរបស់មន្រ្តីសុខាភិបាលដែរឬទេ?៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: