លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ដើម្បីបំផុសស្មារតី “ខ្មែរជួយខ្មែរ”
យោងតាម មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា ក្រោមការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃ មូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិនឹងរៀបចំ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ រយៈពេល ១ ខែពេញ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយ លោកជំទាវបណ្ឌិត នឹងផ្ដល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកយុទ្ធនាការនេះ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

គួររំលឹកផងដែរថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងភាគីពាក់ព័ន្ធនានា ក្នុងគោលបំណងនាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។
សេចក្ដីដូចបានជម្រាបជូនខាងលើ, មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជន, សប្បុរសជន, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស, គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ, តារាសម្ដែង និងបុគ្គលមានប្រជាប្រិយ ព្រមទាំងអង្គភាពសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមគាំទ្រ ផ្សព្វផ្សាយអំពី យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ នេះ ឱ្យបានទូលំទូលាយ, កាន់តែសកម្ម និងផុសផុល ដើម្បីរួមគ្នានាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ នៅកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។
ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥, សូមបរិច្ចាគតាមរយៈលេខគណនីរបស់មូលនិធិនៅគ្រឹះស្ថានហិរញ្ញវត្ថុទាំង ១៦ ដែលជាដៃគូរ (ដូចមានក្នុងរូបភាពជូនភ្ជាប់) ឬតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code ដូចមានក្នុងរូបភាពខាងក្រោម។
សម្រាប់ព័ត៌មានបន្ថែម, សូមធ្វើការទំនាក់ទំនងលេខទូរសព្ទ៖ ០៩៩ ៣៣៣ ១៣៣, ០១២ ២៣៥ ៥៨២, ០៨៨ ៩២៤ ៥៣៣៨, ឬ ០១៦ ៨០៨ ៩០៥។
ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។


ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា