ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុវជនថ្នាក់វិទ្យាល័យ ប្រមាណ១៤ភាគរយ និងយុវជនដែលមានអាយុចន្លោះពី ១៥ឆ្នាំ ដល់ ២៥ឆ្នាំ កំពុងជួបបញ្ហាការគំរាមកំហែងតាមអ៊ីនធឺណិត ដោយសារការប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណិត

    BY SOMATEY May 19, 2025
    យុវជនថ្នាក់វិទ្យាល័យ ប្រមាណ១៤ភាគរយ និងយុវជនដែលមានអាយុចន្លោះពី ១៥ឆ្នាំ ដល់ ២៥ឆ្នាំ កំពុងជួបបញ្ហាការគំរាមកំហែងតាមអ៊ីនធឺណិត ដោយសារការប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណិត

    យោងតាម ក្រសួងព័ត៌មាន នាថ្ងៃ ១៩ ខែឧសភា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា មជ្ឈមណ្ឌលកម្ពុជា៤.០ បានអំពាវនាវអោយ សមត្ថកិច្ចរបស់រាជរដ្ឋាភិបាល អាណាព្យាបាល គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងអំពើរុកកួនឆាឆៅ មកលើកុមារ និងយុវជន ដែលជាធនធានមនុស្សសម្រាប់សង្គមជាតិ។

    ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ពីការសិក្សារបស់អង្គការសុខភាពពិភពលោក ដែលបានបង្ហាញ ទិន្នន័យពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ថា មានការកើនឡើងទាក់ទងនឹង ការគំរាមកំហែងតាមអ៊ីនធើណេតដែល ក្មេងប្រុសបានជួបប្រទះបានកើនឡើងពី ១១ភាគរយទៅ ១៤ភាគរយនិងក្មេងស្រីពី ៧ភាគរយទៅ ៩ភាគរយ។

    ការក្រើនរំលឹកនេះ បានធ្វើឡើង ដើម្បីការពារកុមារពីហានិភ័យតាមអ៊ីនធឺណិត និងគ្រោះថ្នាក់បានកើតមានឡើង ហើយក៏ដើម្បីផ្តល់សិទ្ធិឱ្យពួកគេទទួលបានអត្ថប្រយោជន៍ ពេញលេញពីការប្រើប្រាស់អ៊ីនធើណិត។

    សព្វថ្ងៃនេះ កុមារ កំពុងធំធាត់ឡើង និងរស់នៅក្នុងពិភពឌីជីថល ដែលក្រុមជនខិលខូចបានឆ្លៀតឱកាសនេះ បានប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត ដើម្បីទាក់ទងផ្ទាល់ទៅកុមារ សម្រាប់ធ្វើសកម្មភាព ឆបោកកុមារ តាមរយៈការលួងលោម ការសំដែង ឬតាមរយៈផ្តល់រង្វាន់ លើសពីនេះទៅទៀតមានការប្រើល្បិច ឬការបង្ខំ ដើម្បីថត រូបភាពមិនសមរម្យរបស់កុមារ ដើម្បីបន្លាច ។

    យោងតាមរបាយការណ៍អង្គការមូលនិធិ សម្រាប់កុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២០ដែលបានបង្ហាញថា យុវជន កម្ពុជាដែលមានអាយុចន្លោះពី ១៥ឆ្នាំ ដល់ ២៥ឆ្នាំ ប្រមាណ ៨៥,៧ភាគរយ កំពុងជួបបញ្ហាការគំរាមកំហែងតាមអ៊ីនធើណេត ដោយសារការប្រើប្រាស់បច្ចេកវិទ្យា និងអ៊ីនធឺណិត។ លើសពីនេះ នៅក្នុងរបាយការណ៍ស្រាវជ្រាវ របស់ “Cambodia Education” បង្ហាញពីស្ថិតិនៃផលប៉ះពាល់កើតឡើងដោយអំពើ ការគំរាមកំហែងតាមអ៊ីនធើណេត ដោយបានធ្វើអោយ កុមារ និងយុវជនកម្ពុជាប្រមាណ ១៦០ ០០០នាក់ បានបោះបង់ការសិក្សា។ ក្នុងនោះមានយុវជនថ្នាក់វិទ្យាល័យ ប្រមាណ ១៤ភាគរយ បានព្យាយាមធ្វើអត្តឃាត។ ការចាកចេញពីផ្ទះ ចូលរួមក្នុងសង្គមងងឹត ពេស្យាចារ និងអំពើល្មើសច្បាប់ផ្សេងៗ។

    សូមបញ្ជាក់ថា ប្រព័ន្ធអនឡាញក៏ជាកន្លែងដែលអាចឱ្យអ្នកប្រើប្រាស់ងាយរងហានិភ័យពីការបោកប្រាស់ តាមប្រព័ន្ធ អ៊ុនធឺណិត ជាពិសេសកុមារ ប្រសិនបើពួកគេមិនមានការយល់ដឹងពីរបៀប នៃការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលឱ្យបានត្រឹមត្រូវ និងមិនមានវិធានការត្រឹមត្រូវពីអាណាព្យាបាល៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: