យុទ្ធសាស្រ្តថ្មីបំផុត ដែលចិនប្រឆាំងនឹងសង្គ្រាមពាណិជ្ជកម្មសហរដ្ឋអាមេរិកគឺ “ចម្រៀងខារ៉ាអូខេ”
បទចម្រៀងខារ៉ាអូខេឃោសនារបស់ចិនមួយ ដែលនិយាយអំពីសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិកកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន។ បទចម្រៀងនោះមានចំណងជើងថា «សង្គ្រាមពាណិជ្ជកម្ម» ដែលបានសរសេរដោយអតីតមន្រ្តីចិនលោក Zhao Liang Tian ហើយបទនោះផងដែរ វាបានបង្ហាញវត្តមានដំបូងនៅលើកម្មវិធីផ្ញើសារចល័ត WeChat ដ៏ពេញនិយមរបស់ចិន កាលពីថ្ងៃសុក្រ។ បទ «សង្គ្រាមពាណិជ្ជកម្ម» មួយនេះ ទទួលបានការចូលមើលរហូតដល់ ១០០,០០០ដង ឯណោះ។

បទចម្រៀងនេះនិយាយពីការរិះគន់យ៉ាងខ្លាំងទៅកាន់សហរដ្ឋអាមេរិក និងពាក្យសច្ចាថា នឹងវាយតបតជាមួយអាមេរិកវិញឱ្យចាស់ដៃ។ ដូចដែលដឹងស្រាប់ថា ខារ៉ាអូខេគឺពេញពេញនិយមខ្លាំងណាស់នៅក្នុងប្រទេសចិន ហើយទីក្រុងប៉េកាំងក៏ដឹងថា ចម្រៀងគឺជាវិធីដ៏មានប្រសិទ្ធភាពមួយ ដើម្បីបញ្ចុះបញ្ចូលផ្លូវចិត្តយុវវ័យ។ ហើយដោយភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិក ក្រោយពីអាមេរិកបានដំឡើងពន្ធលើផលិតផលចិនចំនួនដល់ ២០០ពាន់លានដុល្លារ បទចម្រៀង «សង្គ្រាមពាណិជ្ជកម្ម» នេះគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ប្រទេសចិន ដើម្បីកសាងថាមពលរបស់ខ្លួន និងដាស់អារម្មណ៍ប្រជាជនរបស់ពួកគេឱ្យមានការប្រឆាំងនឹងសហរដ្ឋអាមេរិក៕
អត្ថបទ៖ លីដា
ប្រភព៖ BBC