មកដឹងពីមូលហេតុនៃការបង្កើតទិវាជាតិនៃការចងចាំថ្ងៃទី២០ ខែឧសភា
យោងតាម ក្រសួងព៍ត៌មាន បានឱ្យដឹងថា ថ្ងៃអង្គារស្អែកនេះ គឺថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ ថ្ងៃទី ២០ ខែឧសភាគឺជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនិងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែល កើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ប៉ុន្តែគួររំលឹកថា រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបានអនុម័តយក ថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះ «បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវសំផន» ដែលបានកាប់សម្លាប់ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើ ប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជា រៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤ មក។ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជាបានប្តូរពី «ទិវាចងកំហឹង» មកជា «ទិវាចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ១៩ អនក្រ.បក កំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» វិញ។
ក្នុងខ្លឹមសារនៃសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់អំពីមូលហេតុនៃការកំណត់យកថ្ងៃ ២០ ឧសភា ជាទិវាជាតិនៃការចងចាំ ។
មូលហេតុមានពីរ៖គឺ ទី១-ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃបង្កើតសហ ករណ៍ ដើម្បីប្រមូលផ្តុំប្រជាជនធ្វើការងារក្រុមសាមគ្គី ដោយលុបបំបាត់កម្មសិទ្ធិ ឯកជន នៅក្នុងតំបន់មួយចំនួនដែលហៅថាតំបន់រំដោះ ដែលស្ថិតក្រោមការគ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហម។ គោលនយោបាយនេះត្រូវបានចាប់ផ្តើម អនុវត្តជាថ្មីឡើងវិញនៅឆ្នាំ១៩៧៦ បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រង អំណាច ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ទី២-មុនពេលឈានដល់ថ្ងៃ ជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលគឺ នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ ក្រុមដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត និង នួន ជា បានរៀបចំផែនការនិងប្រព្រឹត្តឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាទ្រង់ទ្រាយធំ ដែលក្នុងនោះ រួមមាន ការជម្លៀសដោយ បង្ខំពីទីក្រុងនិងភូមិនានា ពលកម្មដោយបង្ខំ និងការធ្វើបាបនៅតាមការដ្ឋានការងារនិងសហករណ៍ ការ ចាប់ខ្លួន តាមអំពើចិត្ត ការធ្វើទារុណកម្ម ការបាត់ខ្លួននិងការសម្លាប់ ការរៀប អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរើសអើង ប្រឆាំងនឹងក្រុមមនុស្សមួយចំនួន ដែលពួកគេចាត់ទុកថាជាខ្មាំង។ ប្រជាជនស្លូតត្រង់ប្រមាណជាង១,៧លាន បានស្លាប់ក្នុងរបបខ្មែរក្រហម។
ក្នុងសារលិខិតដដែលបានគូសរំលេចថា ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុង គោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់ រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិង ផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ការផ្សះផ្សា ជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និង លើកកម្ពស់ ការ ផ្សព្វផ្សាយនិងការយល់ដឹងអំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជា ប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។
«ទិវាជាតិនៃការចងចាំ» នេះ ក៏ត្រូវបានទទួលស្គាល់ដោយអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដែលជាគម្រោងសំណងមួយក្នុងចំណោម គម្រោង សំណង ២៦ ដែលទទួលស្គាល់ជាផ្លូវការនិងជាអចិន្ត្រៃយ៍ចំពោះការឈឺចាប់របស់ដើម បណ្តឹងរដ្ឋប្បវេណីនិងលើកកម្ពស់ការចងចាំនូវឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត ក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យផងដែរ៕






ប្រភព៖ ក្រសួងព័ត៌មាន