បច្ចេកវិទ្យា

Huawei កំពុងចរចាចង់ប្រើកម្មវិធី Aptoide ដើម្បីជំនួស Google Play Store

BY
Khmernote Media
May 24, 2019

សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ហាក់បន្តកើនកម្ដៅខ្លាំងឡើងៗ ដែលរហូតមកទល់នឹងពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនគឺក្រុមហ៊ុន Huawei បានទទួលរងនូវរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយក្រុមហ៊ុនអាមេរិកបានសម្រេចដាក់ទណ្ឌកម្មឈប់ផ្តល់សិទ្ធ ឲ្យទូស័ព្ទ Huawei គ្រប់ម៉ូឌែលអាចភ្ជាប់ និងប្រើប្រាស់បាននូវប្រព័ន្ធប្រតិបត្តិការណ៍សំខាន់ៗជាច្រើន។

ក្រោមការបញ្ជាររបស់រដ្ឋាភិបាលអាមេរិក ក្រុមហ៊ុន Google បានសម្រេចឈប់ផ្តល់សិទ្ធឲ្យទូស័ព្ទ Huawei អាចប្រើប្រាស់បាននូវប្រព័ន្ធប្រតិបត្តិការណ៍របស់ពួកគេ ដែលមានន័យថាអ្នកប្រើប្រាស់ទូរស័ព្ទ Huawei មិនអាចធ្វើការ Update និងទាញយកកម្មវិធីថ្មីៗដែលមាននៅក្នុង Google Play Store នោះទេ ហើយសូម្បីតែប្រើប្រាស់ YouTube និង Google Map ក៏មិនអាចធ្វើឡើងបានដែរ។

យ៉ាង​ណាក្តី បើយោងតាមសារព័ត៌មាន Xda-Developers បានរាយការណ៍ថា​ Huawei កំពុងតែរៀបចំផែនការបង្កើតមុខងារទាញយកកម្មវិធីផ្សេង ដែលមានឈ្មោះថា AppGallery ដើម្បីជំនួស Google Play Store។ បន្ថែមពីនេះទៀតប្រភពដដែលនេះបានបន្តថា Huawei ក៏មានជម្រើសមួយទៀតក្រៅពី AppGallery ដែរនោះគឺ Huawei កំពុងតែពិភាក្សាជាមួយអ្នកគ្រប់កម្មវិធី Aptoide សម្រាប់ជំនួស Play Store របស់ Google ផងដែរ ។ សូមបញ្ជាក់ថា Aptoide គឺជាកន្លែងទាញយកកម្មវិធីមកប្រើប្រាស់លើស្មាតហ្វូន ដែលវាស្រដៀងនឹង Play Store ដែរ ហើយបច្ចុប្បន្ន Aptoide មានកម្មវិធីប្រមាណជា ៩០០,០០០ ប្រភេទ និងមានអ្នកប្រើប្រាស់ប្រមាណជា ២០០ លាននាក់នៅជុំវិញពិភពលោក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Xda-Developers

Share This Post: