ច្បាស់ការណ៍ហើយ! នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានឈ្នះការបោះឆ្នោតជាលើកទី ២ ជាស្ថាពរ
នាយករដ្ឋមន្ត្រីលោក Narendra Modi បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតទូទៅរបស់ប្រទេសឥណ្ឌានេះ ដោយលទ្ធផលដំបូងដែលបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ គឺវាហួសពីការរំពឹងទុករបស់គណបក្សរបស់គាត់ផ្ទាល់។ នៅក្នុងសុន្ទរកថាជ័យជម្នះនៅការិយាល័យកណ្តាលរបស់គណបក្ស Bharatiya Janata Party (BJP) នៅទីក្រុងញូវដេលី លោក Narendra Modi បាននិយាយថា ជ័យជំនះរបស់លោកជា «ការធានានូវអនាគតដ៏ភ្លឺស្វាង សម្រាប់ប្រជាជនទូទៅនៃប្រទេសនេះ» ។

លោកបានប្រាប់ក្រុមអ្នកគាំទ្រកាលពីយប់ថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំចង់ឱនក្បាលគោរពទៅកាន់ប្រជាជនទាំង ១.៣ពាន់លាននាក់ នៃប្រទេសនេះ» «ការបោះឆ្នោតនេះត្រូវបានតស៊ូប្រយុទ្ធដោយប្រជាជន ហើយប្រសិនបើនរណាម្នាក់ឈ្នះនោះ គឺនៅតែជាជនជាតិឥណ្ឌា ហើយយើងសុំឧទ្ទិសជ័យជំនះដល់ប្រជាជនឥណ្ឌាទាំងអស់»។ ទោះបីជាលទ្ធផលចុងក្រោយនៅតែមិនទាន់ប្រកាស ប៉ុន្តែទិន្នន័យពីគណៈកម្មការរៀបចំការបោះឆ្នោតរបស់ឥណ្ឌាបានបង្ហាញថា គណបក្សរបស់លោក Narendra Modi ឈ្នះដាច់បានរហូតដល់ ៣៥០អាសនៈ ខណៈដើម្បីបង្កើតរដ្ឋាភិបាលថ្មីគេត្រូវការតែ ២៧២កៅអី ប៉ុណ្ណោះ៕











អត្ថបទ៖ លីដា
ប្រភព៖ CNN