អ្នកស្រាវជ្រាវបាននិយាយថា អំពូល LED ធ្វើឱ្យទឹកដោះគោស្រស់បាត់បង់សារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន A & D ជាដើម…
អំពូល LED សន្សំសំចៃភ្លើង ដែលត្រូវបានដំឡើងនៅតាមទូទឹកកករបស់ផ្សារទំនើប ឬតាមផ្លូវ កំពុងសម្លាប់សារធាតុចិញ្ចឹមសំខាន់ៗដែលមាននៅក្នុងទឹកដោះគោស្រស់។ ពន្លឺដ៏ខ្លាំងរបស់វាត្រូវបានគេរកឃើញថា នឹងធ្វើឱ្យថយចុះនូវ វីតាមីន A, វីតាមីន B2, ក៏ដូចជា Riboflavin និងវីតាមីន D ដែលទាំងអស់នេះសុទ្ធតែជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗ ដែលជាអត្ថប្រយោជន៍មាននៅក្នុងទឹកដោះគោ។ ហើយអ្នកជំនាញក៏បានកំពុងជជែកវែកញែកផងដែរថា ទឹកដោះគោស្រស់ទាំងនោះគួរតែទុកដាក់ក្នុងប្រអប់ខ្ចប់ មិនគួរដកចេញពីប្រអប់ហើយដាក់តាំងផ្ទាល់ ដើម្បីឱ្យអ្នកទិញច្បាស់ក្នុងចិត្តថា វាមានសារធាតុចិញ្ចឹមសំខាន់ៗដែលពួកគេត្រូវការនោះទេ។

អំពូល LED តែងតែត្រូវបានដំឡើងនៅតាមផ្សារទំនើប កន្លែងអាជីវកម្ម និងផ្ទះ ហើយខណៈដែលការចំណាយមានតម្លៃថ្លៃ ពួកគេច្បាស់ជាជ្រើសរើសយកអំពូលដែលស៊ីថាមពលតិច ឬប្រើប្រាស់បានយូរជាងអំពូលផ្លាស់ប្តូរធម្មតា។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Newcastle បានរកឃើញថា កម្រិតនៃវីតាមីន A នៅក្នុងទឹកដោះគោស្រស់ចាប់ផ្តើមធ្លាក់ចុះ បន្ទាប់ពីអំពូល LED បញ្ចេញពន្លឺទៅលើវាបានត្រឹមតែ ២ម៉ោង ប៉ុណ្ណោះហើយបន្ទាប់ពីរយៈពេល ១៦ម៉ោង វានឹងបាត់បង់រហូតដល់ទៅពាក់កណ្ដាលឯណោះ។
ចំណែកកម្រិតនៃវីតាមីន B2 នឹងធ្លាក់ចុះ ២៨% ក្នុងរយៈពេលត្រឹមតែ ២០នាទី ប៉ុណ្ណោះ ហើយចំនួនវីតាមីន D និងប្រូតេអ៊ីនផ្សេងទៀតក៏ធ្លាក់ចុះដូចគ្នា។ របាយការណ៍នេះបាននិយាយថា ពន្លឺអំពូលប៉ះផ្ទាល់អាចផ្លាស់ប្តូររសជាតិរបស់ទឹកដោះគោស្រស់ និងធ្វើឱ្យងាយបាត់បង់គុណភាព ហើយជាលទ្ធផលវានឹងត្រូវគេយកទៅចាក់ចោល និងខាតបង់។ យ៉ាងណាមិញទោះបីជាមានការរកឃើញដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Newcastle ក៏អង្គការ Dairy UK ដែលតំណាងឱ្យការយកចិត្ដទុកដាក់ទៅលើផលិតផលទឹកដោះគោស្រស់នៅអង់គ្លេស បានពិពណ៌នាការអះអាងនេះថា «មិនប្រាកដប្រជា» ទៅវិញ ដោយពួកគេបាននិយាយថា គ្មានភស្តុតាងជាក់ស្តែង៕


អត្ថបទ៖ លីដា
ប្រភព៖ dailymail