ផ្ទុះភ្នំភ្លើងនៅកោះបាលី បានព្រួសចេញនូវកំអែភ្នំភ្លើង និងផេះពេញផ្ទៃមេឃ បណ្តាលឱ្យជើងហោះហើរត្រូវផ្អាកទាំងអស់
ភ្នំភ្លើង Agung របស់កោះបាលីបានផ្ទុះឡើងកាលពីថ្ងៃសុក្រ ដោយបានព្រួសចេញនូវផេះពេញលើកោះឥណ្ឌូណេស៊ីមួយនេះ និងបង្ខំឱ្យជើងហោះហើរទាំងចេញ និងចូល ត្រូវលុបចោលទាំងអស់។ ការផ្ទុះនេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រ ហើយវាមានរយៈពេល ៤នាទី និង ៣វិនាទី ហើយកំអែភ្នំភ្លើងត្រូវបានគេមើលឃើញហូរចេញពីរណ្តៅនៅកំពូលភ្នំ និងចុះក្រោមចំងាយ ៣គីឡូម៉ែត្រ។ អគ្គនាយកនៃអគ្គនាយកដឹកជញ្ជូនផ្លូវអាកាសបាននិយាយថា ជើងហោះហើរ ៤ ទៅកោះបាលីត្រូវបានផ្លាស់ប្តូរ ហើយជើងហោះហើរ ៥ ចេញពីទិសដៅទេសចរណ៍ដ៏ពេញនិយមនេះ ក៏ត្រូវបានលុបចោល។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិបាននិយាយថា គ្មានការជម្លៀសភ្លាមៗទេ ដោយសារអ្នកភូមិនានានៅទីនោះគឺស្ថិតនៅក្នុងតំបន់សុវត្ថិភាព។ មជ្ឈមណ្ឌលនៃបំរែបំរួលភ្នំភ្លើង និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេសឥណ្ឌូណេស៊ី (PVMBG) បាននិយាយថា ពួកគេមិនអាចសម្គាល់បានទេថាផេះដែលផ្ទុះឡើងមានទំហំប៉ុណ្ណា ពួកគេគ្រាន់តែបានឮសំឡេងពីការផ្ទុះ ដែលត្រូវបានឮយ៉ាងខ្លាំងពីប៉ុស្តិ៍ត្រួតពិនិត្យ។ គួរឱ្យដឹងផងដែរថា ភ្នំភ្លើង Agung មានសកម្មភាពជាថ្មីម្តងទៀតក្នុង ឆ្នាំ២០១៧ ក្រោយមានការស្ងប់ស្ងាត់អស់ជាងកន្លះសតវត្សមកហើយ បន្ទាប់ពីការផ្ទុះដ៏ធំមួយកាលពី ឆ្នាំ១៩៦៣ ។ នេះគឺជាលើក ទី៣ ហើយក្នុងខែឧសភានេះ ដែលភ្នំភ្លើងនេះបានផ្ទុះ ដោយឧបទ្ទវហេតុ ២ ផ្សេងទៀតគឺនៅថ្ងៃទី១២ និង ១៨ ៕



អត្ថបទ៖ លីដា
ប្រភព៖ Mail Online