យ៉ាងហោចណាស់មនុស្ស ១៩នាក់ បានស្លាប់ និង ២០នាក់ រងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះអគារសិក្សាមួយនៅប្រទេសឥណ្ឌា
ក្រុមមន្រ្តីបាននិយាយថា យ៉ាងហោចណាស់មានសិស្ស ១៩នាក់ បានស្លាប់នៅក្នុងអគ្គីភ័យនៅក្នុងសាលារៀនមួយក្នុងប្រទេសឥណ្ឌា។ ពួកសិស្សត្រូវបានគេមើលឃើញថា បានលោត និងធ្លាក់ ពីលើអាគារសិក្សានៅភាគខាងលិចទីក្រុងស៊ូរ៉ាត (Surat) ខណៈផ្សែងខ្មៅបក់បោកចេញពីបង្អួច។ ភាគច្រើននៃជនរងគ្រោះគឺជាក្មេងជំទង់ ដែលកំពុងសិក្សានៅមជ្ឈមណ្ឌលសិក្សានេះ។ មូលហេតុដំបូងនៃអគ្គិភ័យនេះគឺមិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែក្រុមមន្រ្តីបាននិយាយថា អគ្គិភ័យបានរីករាលដាលនៅតាមថ្នាក់រៀនដែលមានដំបូលងាយនឹងឆាបឆេះ។

យ៉ាងហោចណាស់មាន ២០នាក់ ផ្សេងទៀតបានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅក្នុងរដ្ឋ Gujarat ។ លោក Deepak Sapthaley មន្ត្រីពន្លត់អគ្គីភ័យក្នុងស្រុកម្នាក់បានប្រាប់ AFP ថា៖ «សិស្សបានបាត់បង់ជីវិតដោយសារតែភ្លើងឆេះ និងដោយសារលោតចេញពីអាគារ»។ ចំណែកសារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកស្លាប់ទាំងអស់មានអាយុក្រោម ២០ឆ្នាំ ហើយមនុស្សជាច្រើនត្រូវបានជាប់គាំងដោយសារភ្លើងបានឆេះនៅមាត់ជណ្តើរ។ ក្នុងពេលវេលាដ៏សោកសៅនេះនាយករដ្ឋមន្ត្រីលោក Narendra Modi ក៏បានផ្តល់ការចូលរួមមរណទុក្ខនៅលើ Twitter និងបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានផ្តល់ជំនួយដល់ជនរងគ្រោះផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC