ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពាក់ព័ន្ធនឹងស្ថានការណ៍នាពេលបច្ចុប្បន្ន, ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្នើឱ្យពលរដ្ឋកម្ពុជាជួយចូកជួយចែវគ្នា កុំយកជើងរាទឹក

    BY SOMATEY June 21, 2025
    ពាក់ព័ន្ធនឹងស្ថានការណ៍នាពេលបច្ចុប្បន្ន, ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្នើឱ្យពលរដ្ឋកម្ពុជាជួយចូកជួយចែវគ្នា កុំយកជើងរាទឹក

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ខ្មែរយើងធ្លាប់កំសត់ពេកហើយ ធ្លាប់បែកបាក់គ្នាអស់ចិត្តហើយ។ ប្រទេសយើងធ្លាប់ធ្លាក់ដល់ចំណុចទាបបំផុតក្នុងប្រវត្តិសាស្ត្ររួចហើយ។ យើងក៏ធ្លាប់ត្រូវគេមើលងាយគ្រប់គ្រាន់ហើយដែរ។

    ឯកឧត្តម អ្នកនាំពាក្យ បានបន្តថា ដូច្នេះ នេះជាពេលវេលាល្អណាស់ដែលខ្មែរត្រូវរួមគ្នាជាធ្លុងមួយនៅពីក្រោយថ្នាក់ដឹកនាំនិងកងទ័ពដើម្បីផ្លាស់ប្តូររូបភាពប្រទេសយើងនៅក្នុងក្រសែភ្នែកនិងផ្នត់គំនិតរបស់បរទេស។

    តាមរយៈសារក្នុងបណ្តាញសង្គមការងារ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ មន្តហរីជាន់ខ្ពស់ខាងលើ បានកូសរំលេចថា រឿងអ្វីផ្សេងយើងអាចជជែកគ្នាបាននិងចាំជជែកពេលក្រោយ តែកាលៈទេសៈនេះ ខ្មែរត្រូវរួមកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍យើង។

    ឯកឧត្តម បានសង្កត់ធ្ងន់ថា ពេលនេះយើងនៅលើទូកតែមួយ ហើយកំពុងបោះពួយទៅមុខដើម្បីកសាងប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជាសម័យទំនើប។ ដូច្នេះ សូមខ្មែរគ្រប់គ្នាទុកចិត្តលើថ្នាក់ដឹកនាំហើយជួយចូកជួយចែវ និងសូមកុំយកជើង រាទឹក៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: