បច្ចេកវិទ្យា

តើ Google អាចនឹងត្រូវខាតបង់ប្រាក់អស់ប៉ុន្មានក្រោយចែកផ្លូវគ្នាជាមួយ Huawei?

BY
Khmernote Media
May 27, 2019

Google បានសម្រេចចែកផ្លូវគ្នាជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនគឺក្រុមហ៊ុន Huawei នាពេលថ្មីៗកន្លងនេះ ដែលមានន័យថា ទូរស័ព្ទស្មាតហ្វូនម៉ាក Huawei ស៊េរីក្រោយៗនឹងមិនអាចប្រើប្រាស់ Google Play បានហើយ ចំណែកឯម៉ូដែលចាស់ គឺមិនអាចទទួលបានការ Update ថ្មីៗពី Google ផងដែរ។ ក្នុងស្ថានភាពបែបនេះ មានសំណួរមួយត្រូវបានគេចោទសួរថា តើក្រុមហ៊ុន Google នឹងត្រូវខាតបង់ប្រាក់អស់ប៉ុន្មានក្រោយចែកផ្លូវគ្នាជាមួយ Huawei?

បើយោងតាមការសិក្សាមួយដែលបានធ្វើឡើងដោយក្រុមហ៊ុនអាមេរិក Normura Instinet បានរកឃើញថា បច្ចុប្បន្ននេះមានទូរស័ព្ទម៉ាក Huawei ប្រមាណជា ៥០០ លានគ្រឿង ត្រូវបានគេប្រើប្រាស់ពេញពិភពលោក ខណៈដែលពេលនេះមានចំនួនទូរស័ព្ទ Huawei ប្រមាណជា ៥២ % ហើយ (អ្នកប្រើនៅក្នុងប្រទេសចិន) ដែលមិនអាចប្រើប្រាស់ Google Play បាន។ បើក្រឡេកមើលប្រាក់ចំណូលរបស់ Google កាលពីឆ្នាំ ២០១៨ វិញគឺមានចំនួនប្រមាណជា ៧ ពាន់លានដុល្លារ។ ក្រោយធ្វើការសិក្សាលើចំនួនទូរស័ព្ទ Huawei ដែលមិនអាចប្រើប្រាស់ Google Play បាន ហើយប្រៀបធៀបទៅនឹងប្រាក់ចំណូលឆ្នាំចាស់របស់ Google គេអាចរកឃើញថា Google អាចនឹងត្រូវបាត់បង់ចំណូលប្រមាណជា ៣៨៨ លានដុល្លារ។

សូមបញ្ជាក់ថា Huawei ជាទូរស័ព្ទដែលមានគេប្រើប្រាស់ច្រើនបំផុតលំដាប់ទី ២​ នៅក្នុងពិភពលោក តាមពីក្រោយលេខ ១ គឺទូរស័ព្ទ Samsung។ ក្រោយមានបញ្ហាចម្រូងចម្រាសនេះ Huawei បានប្រកាសថា ខ្លួននឹងបង្កើតប្រព័ន្ធប្រតិបត្តិការណ៍ផ្ទាល់ខ្លួនថ្មីមួយទៀតផងដែរសម្រាប់អតិថិជនខ្លួន តែរហូតមកទល់នឹងពេលនេះវានៅមិនទាន់ចេញជាផ្លូវការនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Zing

Share This Post: