ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានអំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធគោរពសិទ្ធិសេរីភាព និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍

    BY SOMATEY June 27, 2025
    ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានអំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធគោរពសិទ្ធិសេរីភាព និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ទស្សនាវដ្តីប្រជាជន កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានអំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ គោរពសិទ្ធិសេរីភាព និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិមនុស្សជាសកល។

    ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ នៅក្នុងឱកាសចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា ដើម្បីពង្រឹងលើវិស័យការងារ ជាពិសេសពលករទេសន្តរប្រវេសន៍នៅកម្ពុជា នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
    ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ មានប្រសាសន៍ថា ពលករទេសន្តរប្រវេសន៍មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសរបស់ខ្លួននោះទេ ប៉ុន្ដែប្រទេសដែលទទួលបានពលករទេសន្តរប្រវេសន៍ក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើនផងដែរ។

    ឯកឧត្តមបញ្ជាក់ថា៖«សូមដៃគូអភិវឌ្ឍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ ផ្ដល់ភាពកក់ក្ដៅ ផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍ ហើយយកចិត្តទុកដាក់លើការគោរពសិទ្ធិសេរីភាព និងការសម្រេចចិត្តរបស់ពលករទេសន្តរប្រវេសន៍ ថាតើពួកគាត់មានបំណងចង់ស្នាក់នៅ ឬក៏ពួកគាត់ចង់ចាកចេញពីសាមីប្រទេសនោះ។ ដូចនេះក្នុងនាមរាជរដ្ឋាភិបាល យើងត្រូវតែការពារ និងគោរពសិទ្ធិសេរីភាពរបស់ពួកគាត់ឱ្យបានពេញលេញ ហើយយើងមិនគួរប្រើប្រាស់សកម្មភាពខុសច្បាប់ណាមួយរារាំងការមកប្រទេសកំណើតពួកគាត់វិញនោះទេ»។

    លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា កម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើនឆ្នាំមកហើយ ដូច្នេះកម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការយកចិត្តទុកដាក់លើការគោរពសិទ្ធិសេរីភាពពលករទេសន្តរប្រវេសន៍។ បើទោះបីជាកម្ពុជាកំពុងមមាញឹកក្នុងការគ្រប់គ្រងស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃក៏ដោយ ប៉ុន្ដែនៅតែផ្ដោតសំខាន់លើបេសកកម្មតាមរយៈគោលនយោបាយរបស់ក្រសួង និងរាជរដ្ឋាភិបាល។

    ចំណែកលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជាបានកត់សម្គាល់ឃើញថា កម្ពុជាខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការយកចិត្តទុកដាក់លើពលករទេសន្តរប្រវេសន៍ និងរៀបចំគោលនយោបាយជាច្រើន ដើម្បីគាំពារ ផ្ដល់អត្ថប្រយោជន៍ និងការគោរពសិទ្ធិពលករទេសន្តរប្រវេសន៍នៅកម្ពុជា។

    លោកស្រីបញ្ជាក់ថា៖«យើងមានការរំភើបរីករាយក្នុងការសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធផ្សេងៗទៀតក្នុងការគាំពារ និងការគោរពសិទ្ធិពលករទេសន្តរប្រវេសន៍នៅកម្ពុជា ដោយមិនមានការរើសអើង មិនថាពួកគាត់មកពីប្រទេសណា ឬមកពីតំបន់ណានោះទេ»៕

    ប្រភព៖ ទស្សនាវដ្តីប្រជាជន

    Share This Post: