គិតមកទល់ពេលនេះវៀតណាមបានសម្លាប់ជ្រូកមានជំងឺរហូតដល់ ១.៧លានក្បាល ជុំវិញការផ្ទុះឡើងវិញនៃជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក
ក្រសួងកសិកម្មវៀតណាមបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានសម្លាប់ជ្រូកមានជំងឺចំនួន ៥០០,០០០ក្បាល ក្នុងរយៈពេល ២សប្តាហ៍ មកនេះ ដើម្បីដោះស្រាយការផ្ទុះឡើងវិញនូវជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក ដែលមកទល់ពេលនេះគឺស្មើចំនួន ១.៧លានក្បាល ឬ ៥ភាគរយ នៃចំនួនជ្រូកចិញ្ចឹមទាំងអស់របស់ប្រទេស។ សាច់ជ្រូកមានចំនួន ៣ ភាគ ៤ នៃការប្រើប្រាស់សាច់សរុបនៅក្នុងប្រទេសវៀតណាម ដែលមានប្រជាជនសរុប ៩៥លាននាក់ ហើយភាគច្រើននៃជ្រូកចិញ្ចឹមចំនួន ៣០លានក្បាល ត្រូវបានគេប្រើប្រាស់ផ្ទាល់នៅក្នុងស្រុក។

នាយកដ្ឋានផលិតកម្មបសុសត្វរបស់ក្រសួងកសិកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា វីរុសដែលត្រូវបានគេរកឃើញជាលើកដំបូងកាលពីខែកុម្ភៈ ដែលវាបានរីករាលដាលរហូតដល់ ៤២ខេត្ត ។ លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការផ្ទុះឡើងនូវជំងឺគ្រុនផ្តាសាយអាហ្រ្វិក គឺជាប្រភេទគ្រោះថ្នាក់បំផុត និងមានតម្លៃថ្លៃបំផុតនៅក្នុងឧស្សាហកម្មចិញ្ចឹមសត្វរបស់វៀតណាម»
ទោះបីជាមេរោគនេះបានលេចឡើងជាលើកដំបូងជិត ១០០ឆ្នាំមកហើយក៏ដោយ ក៏វាមិនទាន់មានវ៉ាក់សាំង និងគ្មានឱសថព្យាបាលជំងឺនេះនៅឡើយ។ យ៉ាងណាមិញប្រទេសចិនដែលជាអ្នកផលិតសាច់ជ្រូកធំជាងគេនៅលើពិភពលោក និងដែលត្រូវបានរងការវាយប្រហារដោយវីរុសនេះផងដែរបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងចាប់ផ្តើមធ្វើការសាកល្បងខាងវេជ្ជសាស្ត្រ សម្រាប់វ៉ាក់សាំងជំងឺគ្រុនផ្តាសាយអាហ្រ្វិកនេះ។ គួរឱ្យដឹងផងដែរថា ជំងឺគ្រុនផ្តាសាយអាហ្រ្វិក វាជាជំងឺមានគ្រោះថ្នាក់ដល់សត្វ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ straitstimes