ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជនអនាមិកម្នាក់កាន់កាំបិតដើរចាក់ក្មេងសិស្សសាលាតូចៗ បណ្តាលឲ្យរងរបួសធ្ងន់ជាច្រើននាក់នៅប្រទេសជប៉ុន

    BY autoadmin May 28, 2019
    ជនអនាមិកម្នាក់កាន់កាំបិតដើរចាក់ក្មេងសិស្សសាលាតូចៗ បណ្តាលឲ្យរងរបួសធ្ងន់ជាច្រើននាក់នៅប្រទេសជប៉ុន

    មនុស្ស ២នាក់ កំពុងត្រូវបានគេព្រួយបារម្ភថា អាចនឹងស្លាប់ នៅក្នុងការវាយប្រហារដ៏ធំនាថ្ងៃអង្គារនេះ ដែលវាក៏បានបណ្តាលឱ្យមនុស្ស ១៧នាក់ ផ្សេងទៀតរងរបួស នៅក្នុងទីក្រុង Kawasaki នៃប្រទេសជប៉ុន។ មន្រ្តីនាយកដ្ឋានអគ្គីភ័យ Yuji Sekizawa និយាយថា បុរសម្នាក់ និងក្មេងស្រីម្នាក់ ដែលរងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះ មិនបានបង្ហាញសញ្ញាថា ពួកគេអាចឆ្លងផុតសេចក្តីស្លាប់បានទេ។ ការចាក់ផ្សាយនៅក្នុងស្ថានីយទូរទស្សន៍ក្នុងស្រុកបានបង្ហាញពីរថយន្តប៉ូលីសជាច្រើនគ្រឿង ក៏ដូចជារថយន្តសង្គ្រោះបន្ទាន់ និងម៉ាស៊ីនពន្លត់អគ្គីភ័យនៅកន្លែងកើតហេតុ ខណៈតង់សង្រ្គោះបន្ទាន់ក៏ត្រូវបានគេដាក់ដើម្បីរង់ចាំព្យាបាលអ្នករងរបួស។

    ទីភ្នាក់ងារព័ត៌មាន Kyodo បាននិយាយថា សិស្សស្រីតូចៗចំនួន ១៣នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះទាំង ១៧នាក់ ហើយដែលក្មេងស្រីមានអាយុពី ៦ ទៅ ៧ឆ្នាំ ទាំងនោះគឺសុទ្ធតែជាសិស្សនៅក្នុងសាលាកាតូលិកឯកជនដែលកំពុងរង់ចាំរថយន្តក្រុង។ យ៉ាងណាមិញប្រភពដដែលបានឱ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយបុរសដែលមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណម្នាក់។ ជនល្មើសបានចូលចាក់កុមារតូចៗទាំងនោះនៅពេលដែលពួកគេកំពុងចុះពីរថយន្តក្រុងដើម្បីចូលសាលារៀន។

    ជនល្មើសពេលនេះត្រូវបានមន្ត្រីប៉ូលីសចាប់ខ្លួនបានហើយ ប៉ុន្តែរូបជនល្មើសផ្ទាល់ត្រូវបានគេឱ្យដឹងថា ក៏បានចាក់មកលើខ្លួនឯងយ៉ាងដំណំផងដែរ។ ប្រទេសជប៉ុនមានអត្រាអំពើហឹង្សាទាបបំផុតក្នុងចំណោមប្រទេសអភិវឌ្ឍន៍នៅលើពិភពលោកនេះ ហើយការវាយប្រហារទ្រង់ទ្រាយធំបែបនេះ គឺកម្រមានខ្លាំងណាស់ ហើយវាក៏កំពុងធ្វើឱ្យពួកគេមានការព្រួយបារម្ភកាន់តែខ្លាំង ដោយសារតែវាជាករណីអំពើហឹង្សាមកលើកុមារតូចៗ៕

    អត្ថបទ៖ លីដា
    ប្រភព៖ asiaone

    Share This Post: