ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្មែរស្រលាញ់ខ្មែរ! យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល១ខែពេញ ទទួលបានប្រាក់ប្រមាណ ៥,៥ លានដុល្លារ ពីសំណាក់សប្បុរសជនជិត៣០ម៉ឺននាក់

    BY SOMATEY July 1, 2025
    ខ្មែរស្រលាញ់ខ្មែរ! យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល១ខែពេញ ទទួលបានប្រាក់ប្រមាណ ៥,៥ លានដុល្លារ ពីសំណាក់សប្បុរសជនជិត៣០ម៉ឺននាក់

    យោងតាមការផ្សព្វផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបានប្រាក់ប្រមាណ ៥,៥ លានដុល្លារ ពីសំណាក់សប្បុរសជនជិត ៣០ម៉ឺននាក់។

    ក្នុងនោះ មូលនិធិគន្ធបុប្ផាកម្ពុជា បានបន្ថែមថា មូលនិធិគន្ធបុប្ផាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ ចាប់ពី ការប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥, យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា មានការចូលរួមយ៉ាងផុសផុល ទាំងក្នុងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ដោយទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹងប្រាក់ដុល្លារប្រមាណ ៥,៥ លានដុល្លារអាម៉េរិក ពីសំណាក់សប្បុរសជនជិត ៣០ម៉ឺននាក់។

    ការចូលរួមបរិច្ចាគដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ បង្ហាញថា សាធារណជន មានទឹកចិត្តសប្បុរសយ៉ាងផុសផុល និងបានចូលរួមយ៉ាងសកម្មក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នានាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ នៅកម្ពុជា។

    សូមជម្រាបជូនថា ទោះបីជាយុទ្ធនាការនេះ ដល់ថ្ងៃបញ្ចប់ក៏ដោយ, ក៏សាធារណជនដែលមានទឹកចិត្ត នៅតែអាចចូលរួមបរិច្ចាគ ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅ រាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ក្នុងការបន្តបេសកកម្មពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំង សេវាសម្ភពដល់ស្ត្រីមានផ្ទៃពោះ ផងដែរ។ ការបរិច្ចាគ ១ម៉ឺនរៀលម្នាក់ ជឿជាក់ថា ពលរដ្ឋកម្ពុជាយើង ប្រាកដជា អាចបន្តធ្វើបាន ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដោយហេតុថារាល់ការបរិច្ចាគ ទោះតិចក្តីច្រើនក្តី សុទ្ធតែមានតម្លៃក្នុងការ ចូលរួមសង្គ្រោះជីវិតទារក និងកុម និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមាន ការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា។

    មូលនិធិគន្ធបុប្ផាកម្ពុជា សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ចំពោះការចំណាយពេលដ៏មានតម្លៃ និងមមាញឹក ដើម្បីដឹកនាំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ក៏ដូចជាចំពោះការផ្តល់ការណែនាំ និងតម្រង់ទិស ជាប្រចាំដល់ក្រុមការងាររបស់មូលនិធិគន្ធបុប្ផាកម្ពុជា។

    មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសប្បុរសជនទាំងអស់ ដែលបាន ចូលរួមបរិច្ចាគគាំទ្រយុទ្ធនាការដ៏មានសារៈសំខាន់នេះ និងសូមថ្លែងអំណរគុណផងដែរ ដល់ក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាស និងដៃគូនានា ដែលបានផ្តល់កិច្ចសហការ និងការគាំទ្រពាក់ព័ន្ធនឹងការ រៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា តាំងពីដើមទី ក្នុងទិដ្ឋភាព ផ្សេងៗគ្នា ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការធ្វើឱ្យយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយនេះ បានប្រព្រឹត្តទៅ ដោយរលូន និងសម្រេចបានជោគជ័យគួរជាទីមោទនៈ៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: