ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរាកំពុងជួសជុលពង្រឹងតួប៉មលេខ១៣នៃប្រាសាទឥដ្ឋ លើភ្នំបាខែង

    BY SOMATEY July 2, 2025
    អាជ្ញាធរជាតិអប្សរាកំពុងជួសជុលពង្រឹងតួប៉មលេខ១៣នៃប្រាសាទឥដ្ឋ លើភ្នំបាខែង

    យោងតាមការផ្សព្វផ្សាយរបស់ ក្រសួងព័ត៍មាន នាពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា នៅខេត្តសៀមរាប អាជ្ញាធរជាតិអប្សរាបាននិងកំពុងជួសជុលពង្រឹងតួប៉មលេខ១៣​នៃប្រាសាទឥដ្ឋ លើភ្នំបាខែងអស់រយៈពេល២ខែមកហើយ។

    អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះថា ក្រុមការងារ​នាយកដ្ឋានអភិរក្សប្រាសាទ និង​បុរាណ​វិទ្យានៃអាជ្ញាធរជាតិអប្សរា បាននឹងកំពុង​ជួសជុសពង្រឹងតួប៉មប្រាសាទឥដ្ឋ លេខ១៣ឬG13 នៅលើភ្នំបាខែង ដើម្បីឱ្យរចនា​សម្ព័ន្ធនៃប្រាសាទឥដ្ឋ មានកម្ពស់ជាង១០ម៉ែត្រមួយនេះ បានរឹងមាំឡើងវិញ។

    លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរ​ជាតិអប្សរាបាន​អធិប្បាយ​អំពី​ការងារមួយនេះថា ដោយពិនិត្យឃើញស្ថានភាព​គ្រោះថ្នាក់នៃតួប៉មG13 មានតាំងពីខឿន ជញ្ជាំងខាងក្នុង​និងខាង​ក្រៅ រហូត ដល់ផ្នែកដំបូល បើទោះបីធ្លាប់មានការទល់ទ្រដោយអង្គការWMFពីមុនមកក៏ដោយ នៅតែប្រឈម​និង​ហានិភ័យខ្ពស់ នៃការបាក់រលុះនៅថ្ងៃណាមួយ។ចាប់តាំងពីដើម​ខែឧសភា ឆ្នាំ២០២៥មក ក្រុមការងារ បានចាប់​ផ្តើម​អនុវត្តការជួសជុលពង្រឹងតួប៉ម​ទី១៣នៃប្រាសាទឥដ្ឋ។

    លោកស្រីបន្ថែមថា ដើម្បីធានាឱ្យបានអំពីភាពរឹងមាំទៅថ្ងៃខាងមុខ ដំណើរការ​ជួសជុល​ត្រូវចាប់ផ្តើម​ពង្រឹងតាំង​ពីផ្នែក​ខឿនខាងក្រោម ទើបបន្តទៅផ្នែកជញ្ជាំង និងផ្នែកដំបូល ជាជំហានៗ ដោយប្រើប្រាស់បាយអ បិទភ្ជាប់ឥដ្ឋ​ដែល​មានប្រហោង​ឬស្រទាប់ ដើម្បីធានាការជ្រាបទឹក ការពារស្មៅដុះ និងសត្វចូលទៅរស់នៅតាម​ចន្លោះ​ឬប្រហោង​នៃប្រាសាទ។ ប៉ុន្តែ ក្នុងដំណាក់កាលទីមួយ ការជួសជុលបានចាប់ផ្តើមពី​ខឿន រហូតដល់ផ្តែ ពោលគឺមានកម្ពស់​៥ម៉ែត្រ ដោយគម្រោងដំណាក់កាលទីមួយ គ្រោងនិងបញ្ចប់ចុងខែវិច្ឆិកា ឆ្នាំ២០២៥។ ចំណែកដំណាក់កាលទី២ គ្រោងអនុវត្ត​នៅឆ្នាំបន្ទាប់។

    អ្នកជំនាញបានឱ្យដឹងថា ប្រាសាទឥដ្ឋ នៅជុំវិញភ្នំបាខែង មានសរុបចំនួន៤៤តួប៉ម។ នៅឆ្នាំ២០២៤ អាជ្ញាធរជាតិ​អប្សរា បានជួសជុលរួចរាល់មានតួប៉ម G14 G15 និង​បច្ចុប្បន្នកំពុងជួសជុលពង្រឹងនៅតួប៉មG13។ ដោយឡែកនៅ​ឆ្នាំ២០១២ អាជ្ញាធរជាតិ​អប្សរា សហការជាមួយអង្គការ WMF ជួសជុលប្រាង្គ G5 និង G10 ផងដែរ។

    អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដោយសារកត្តា អាយុកាល សម្ភារនៃសំណង់ និង​អាកាសធាតុផង ធ្វើឱ្យរចនា​សម្ព័ន្ធ​នៃប្រាសាទ​ឥដ្ឋទាំងនោះ បានរងការខូចខាតយ៉ាង​ច្រើន ទើបអាជ្ញាធរលើកគម្រោងជួសជុល អភិរក្សជាដំណាក់​កាលៗ៕

    ប្រភព៖ ក្រសួងព័ត៍មាន

    Share This Post: