ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះរាំងស្ងួតបានធ្វើឱ្យទីក្រុងស៊ីដនីរបស់អូស្ត្រាលី ដាក់កំហិតលើការប្រើប្រាស់ទឹកជាលើកដំបូងបំផុតនៅក្នុង ១ទសវត្សរ៍ ចុងក្រោយនេះ

    BY autoadmin May 28, 2019
    គ្រោះរាំងស្ងួតបានធ្វើឱ្យទីក្រុងស៊ីដនីរបស់អូស្ត្រាលី ដាក់កំហិតលើការប្រើប្រាស់ទឹកជាលើកដំបូងបំផុតនៅក្នុង ១ទសវត្សរ៍ ចុងក្រោយនេះ

    ទីក្រុងស៊ីដនី នៅថ្ងៃអង្គារ ទី២៨ ខែឧសភា នេះបានប្រកាសពីការរឹតបន្តឹងលើការប្រើប្រាស់ទឹកដ៏សំខាន់ជាលើកដំបូងបំផុត ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយនឹងដាក់កំហិតលើការប្រើប្រាស់ទឹកនៅតាមផ្ទះ និងអាជីវកម្ម ចំពេលមានកំណត់ត្រាគ្រោះរាំងស្ងួតដែលមិនធ្លាប់មាន។ រដ្ឋាភិបាលរដ្ឋ New South Wales បាននិយាយថា ប្រភពទឹកមកពីអាងទឹកក្នុងទីក្រុងស៊ីដនី ត្រូវបានគេមើលឃើញថា មានលំហូរទាបបំផុតចាប់តាំងពីទសវត្ស ឆ្នាំ១៩៤០ ហើយថាការដាក់កំហិតលើការប្រើប្រាស់ទឹកនេះ នឹងត្រូវបានអនុវត្តចាប់ពីសប្តាហ៍ក្រោយតទៅ។

    រដ្ឋមន្ត្រីក្រសួងធនធានទឹករបស់រដ្ឋ New South Wales អ្នកស្រី Melinda Pavey បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «តំបន់នៅ New South Wales បានកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួតជាកំណត់ត្រា» «ការរឹតបន្តឹងការប្រើប្រាស់ទឹកនៅទីក្រុងស៊ីដនីមានន័យថា គ្រួសារនៅទូទាំងរដ្ឋ New South Wales កំពុងប្រឹងប្រែងអភិរក្សទឹក»។ ប្រជាជននៅក្នុង ទីក្រុងស៊ីដនី អាចត្រូវបានគេពិន័យជាប្រាក់ ២២០ ដុល្លារអូស្ត្រាលី (១៥០ ដុល្លារអាមេរិក) ឬសម្រាប់អាជីវកម្ម អាចមានការពិន័យរហូតដល់ ៥៥០ដុល្លារអូស្រ្តាលី ក្នុងករណីពួកគេដាក់បំពង់បង្ហូរទឹកចោល ឬប្រើប្រព័ន្ធបាញ់ទឹក ដើម្បីស្រោចសួនច្បាររបស់ពួកគេ។ គួរឱ្យដឹងផងដែរថា ប្រទេសអូស្រ្តាលីបានជួបនឹងរលកកម្តៅក្នុងរដូវក្ដៅ ដែលមិនធ្លាប់មានពីមុនមក តាំងតែពីខែធ្នូ ដល់ខែកុម្ភៈ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNA

    Share This Post: