ការសិក្សាបានបង្ហាញថា អ្នកចិញ្ចឹមសត្វឆ្មាមានភាពឈ្លាសវៃជាងអ្នកចិញ្ចឹមសត្វឆ្កែ
យោងតាមស្ថិតិឱ្យដឹងថា ប្រហែល ៦៨% នៃគ្រួសារនៅសហរដ្ឋអាមេរិកសុទ្ធតែមានសត្វចិញ្ចឹម។ ក្នុងនោះផងដែរ ៣៦.៥% នៃពួកគេជាម្ចាស់ឆ្កែ ខណៈ ៣០.៤% ផ្សេងទៀតជាម្ចាស់ឆ្មា។ វាហាក់បីដូចជាសត្វឆ្កែកំពុងរក្សាជំហររបស់ពួកវា ដើម្បីជាមិត្តដ៏ល្អរបស់មនុស្ស (man’s best friend) ប៉ុន្តែផ្ទុយទៅវិញការសិក្សាបង្ហាញថា ការចិញ្ចឹមសត្វឆ្មាអាចបង្ហាញពីការពិតយ៉ាងគួរឱ្យចាប់អារម្មណ៍ជាច្រើនអំពីម្ចាស់របស់ពួកគេផងដែរ។ គេហទំព័រ Bright Side បានមើលដោយប្រុងប្រយ័ត្នលើការសិក្សាថ្មីៗចុងក្រោយបំផុតអំពីម្ចាស់សត្វចិញ្ចឹម (សត្វឆ្មាជាពិសេស) ហើយក៏ចង់ចែករំលែកដល់លោកអ្នកនូវលទ្ធផលមួយចំនួនដ៏មិនគួរឱ្យជឿ។

ក្រៅពីសមត្ថភាពរបស់វាក្នុងការជួយមនុស្សឱ្យបន្ថយភាពតានតឹង ដើម្បីយកឈ្នះលើការលំបាក និងអាចកំដរអ្នកក្នុងពេលបាត់បង់អ្វីមួយ ការចិញ្ចឹមសត្វឆ្មាក៏អាចបង្ហាញអំពីចរិតលក្ខណៈ និងបុគ្គលិកលក្ខណៈរបស់អ្នកផងដែរ។ យ៉ាងណាមិញការសិក្សាថ្មីពីសាកលវិទ្យាល័យធំៗចំនួន ៣ ដូចជា៖ សាកលវិទ្យាល័យហ្វ្លរីដា សាកលវិទ្យាល័យ Carroll និងសាកលវិទ្យាល័យ Marquette ក៏បានចូលរួមមកពន្យល់ពីមូលហេតុនេះ។
ក្នុងនោះលោក Samuel D. Gosling មកពីសាកលវិទ្យាល័យ Texas នៅទីក្រុង Austin ដែលជាអ្នកបង្កើតគំនិតដំបូង ដើម្បីប្រៀបធៀបម្ចាស់ឆ្កែជាមួយសត្វចិញ្ចឹមរបស់ពួកគេ។ គាត់បានរៀបរាប់អំពីលក្ខណៈទូទៅមួយចំនួនរវាងមនុស្ស និងឆ្កែ ប៉ុន្តែសម្រាប់ការប្រៀបធៀបរវាងម្ចាស់ឆ្មា និងសត្វចិញ្ចឹមរបស់ពួកគេគឺមិនមាននៅក្នុងបញ្ជីរបស់គាត់ទេ។
ប៉ុន្តែអ្នកស្រី Denise D. Guastello សាស្រ្តាចារ្យរងនៅមហាវិទ្យាល័យ Carroll College រួមជាមួយលោក Andrea D. Guastello និងលោក Stephen J. Guastello បានធ្វើការស្រាវជ្រាវដ៏ពិសេសមួយ ដែលប្រៀបធៀបបុគ្គលិកលក្ខណៈម្ចាស់ឆ្កែ និងម្ចាស់ឆ្មា (dog people vs cat people) ។ គំនិតចម្បងគឺត្រូវយល់ពីទំនាក់ទំនងរវាងមនុស្ស និងចំណង់ចំណូលចិត្តរបស់ពួកគេចំពោះប្រភេទសត្វចិញ្ចឹមនីមួយ។
មានសិស្សបឋមសិក្សាប្រមាណ ៦០០នាក់ បានចូលរួមក្នុងការសិក្សានេះ ដែលកត្តាចិត្តសាស្ត្រចំនួន ១៦ ត្រូវបានយកមកវាយតម្លៃដោយអ្នកចិត្តសាស្រ្ត។ កត្តាទាំងនោះរួមមាន៖ ហេតុផល ភាពកក់ក្តៅ ស្ថិរភាពអារម្មណ៍ ភាពរស់រវើក ភាពមានឥទ្ធិពល -ល-។ ដោយផ្អែកលើចម្លើយដែលអ្នកចូលរួមបានផ្តល់ឱ្យ ការសិក្សានេះបានបង្ហាញថា សិស្សដែលជាម្ចាស់ឆ្កែមានភាពចុះសម្រុង និងមានទំនុកចិត្តជាមួយសង្គមខាងក្រៅ (extrovert) ខណៈក្រុមពួកម្ចាស់ឆ្មាមិនចូលចិត្តពិភពខាងក្រៅ និងមានគំនិតច្នៃប្រឌិតខ្ពស់។
យ៉ាងណាមិញមានលក្ខណៈមួយផ្សេងទៀតដែលក្រុមអ្នកស្រាវជ្រាវរកឃើញ ហើយដែលធ្វើឱ្យពួកក្រុមម្ចាសឆ្មាមានភាពពិសេសនោះគឺត្រង់ថា ទោះបីជាពួកគេមិនសូវចូលចិត្តសង្គមខាងក្រៅកដោយ ពួកគេទាំងនេះតែងតែអាចក្រោកឈរឡើង ដើម្បីគោលជំហរ និងទស្សនៈផ្ទាល់របស់ពួកគេជានិច្ច។ អ្វីដែលជាចរិតគួរឱ្យចាប់អារម្មណ៍បំផុតគឺខាងបញ្ញា ដោយការសិក្សានេះក៏បានរកឃើញថា ក្រុមម្ចាស់ឆ្មាមានពិន្ទុលើ «ការមានហេតុផល» ឬអាចហៅបានថា general intelligence ជាងក្រុមម្ចាស់ឆ្កែ។
យ៉ាងណាក៏ដោយមិនថាអ្នកជា cat person, dog person ឬជា fish person នោះទេ វាអាស្រ័យលើភាពផ្សារភ្ជាប់របស់អ្នកជាមួយនឹងសត្វចិញ្ចឹម ដែលជារឿងសំខាន់បំផុត។ សត្វចិញ្ចឹមដែលជាមិត្តល្អបំផុតរបស់អ្នក តែងតែនៅក្បែរអ្នកមិនថាអ្នកជាមនុស្សដាច់តែឯកឯង ចូលចិត្តសង្គមខាងក្រៅ ឬមនុស្សបើកចិត្តទូលាយប៉ុណ្ណានោះទេ៕





អត្ថបទ៖ លីដា
ប្រភព៖ brightside