ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទាំងនេះជាលក្ខណៈពិសេស នៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិ​បេតិក​ភណ្ឌពិភពលោក

    BY SOMATEY July 8, 2025
    ទាំងនេះជាលក្ខណៈពិសេស នៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិ​បេតិក​ភណ្ឌពិភពលោក

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែកក្កដានេះ កាលពីឆ្នាំ២០១៧ តំបន់ប្រាសាទ​សំបូរ​ព្រៃគុក​នៃព្រះ​រាជា​ណាចក្រកម្ពុជាត្រូវ​បាន​សម្រេច​អនុម័តបញ្ចូល ជាសម្បត្តិ​បេតិក​ភណ្ឌពិភពលោក នៅទីក្រុងក្រាកូ(Cracovie) ប្រទេសប៉ូឡូញ។

    សមិទ្ធផលជាប្រវត្តិសាស្រ្តនេះ មិនមែនកើតឡើងដោយឯកឯងទេ។​ដោយមាន​កិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំ​របស់​រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបន្តវេនដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែល​មានក្រសួង​វប្បធម៌និង​វិចិត្រ​សិល្បៈ​ជា​សេនាធិការ​បច្ចេកទេស ដឹកនាំដោយលោក​ជំទាវរដ្ឋមន្រ្តី ភឿង សកុណា និងមន្រ្តីជំនាញ តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ត្រូវបាន​សម្រេចដាក់បញ្ចូលជា​បេតិកភណ្ឌ​ពិភពលោក នៅក្នុងកិច្ចប្រជុំ​កំពូល​លើកទី៤១ នៃ​គណៈ​កម្មាធិ​ការ​បេតិកភណ្ឌពិភពលោក ដែលប្រព្រឹត្តទៅ​ពីថ្ងៃ​ទី០២-១២ខែ​​កក្កដា ឆ្នាំ២០១៧ ដែល​មាន​១៩៣​ប្រទេស​ជាសមាជិក និង២១​ប្រទេស​ជាគណៈកម្មាធិការ​អចិន្ត្រៃយ៍បាន​សម្រេច​អនុម័តបញ្ចូល «តំបន់​ប្រាសាទ​​សំបូរព្រៃគុក» ជាសម្បត្តិ​បេតិក​ភណ្ឌពិភពលោក នាវេលាម៉ោង៩:៣៧នាទី (ម៉ោងនៅ​ប្រទេស​កម្ពុជា​)យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូ(Cracovie) ប្រទេសប៉ូឡូញ។

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគូសរំលេចឱ្យឃើញថា មានលក្ខណៈពិសេសបី​យ៉ាង ដែលនាំឱ្យការសម្រេច​ដាក់​បញ្ចូល «តំបន់ប្រាសាទសំបូរ​ព្រៃគុក» ជាបេតិកភណ្ឌ​ពិភពលោកមាន៖ ទី១.តម្លៃលេចធ្លោជាសាកល ,ទី២.ការរក្សា​បាន​នូវបុរាណភាព និងទី៣.​សភាព​​ដើមរបស់​ប្រាសាទ។

    បន្តទៅនេះសូមមកដឹងដោយសង្ខេបអំពីប្រាសាទសំបូរព្រៃគុកដែលជាមោទនកជាតិខ្មែរ និងជាមរតកនៃបុព្វបុរស​ខ្មែរ។

    ប្រាសាទសំបូរព្រៃគុក គឺជារមណីយដ្ឋានបុរាណក្នុងខេត្តកំពង់ធំ ស្ថិតនៅចម្ងាយ​ប្រហែល ៣០ គីឡូម៉ែត្រ ភាគខាង​ជើងនៃទីរួមខេត្ត ,ចម្ងាយ ១៧៦ គីឡូម៉ែត្រខាង​កើតអង្គរ និង ២០៦ គីឡូម៉ែត្រភាគខាងជើងនៃរាជធានីភ្នំពេញ។

    រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រ​ចេនឡា​ក្នុង​ចន្លោះ​ចុងសតវត្សទី៦ ដើមសតវត្សទី៧នៃគ្រឹស្តសករាជ។ រាជធានីបុរាណ​ខ្មែរមួយនេះ បានកត់ត្រាក្នុង​សៀវ​ភៅ​កំណត់​ត្រារបស់បេសកជន​ចិនជាលើកដំបូង​ក្នុងសន្តតិវង្សថាង នាពាក់កណ្តាលទីមួយនៃសតវត្សទី៧។ នៅសម័យ​កាលនោះ ព្រះរាជាមាន​អំណាច​គ្រប់គ្រងលើអាណាចក្រខ្មែរទាំងមូល រួមទាំងភាគខាង​ត្បូង​ប្រទេស​​​ឡាវ និងប្រទេសថៃបច្ចុប្បន្ន។

    សំណល់បុរាណជាច្រើននៅក្នុងរាជធានីឦសានបុរៈ ស្ថិតក្នុងរមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុក ​សព្វថ្ងៃមាន​ជាអាទិ៍៖ ប្រាសាទឥដ្ឋ សិលាចារឹក សំណង់រក្សាទឹក កំពែងក្រុង និងទីសក្ការៈបូជាដទៃទៀត។ សំណង់​​​ទាំងនោះ បានឆ្លុះ​បញ្ចាំងអំពី​ដំណាក់​កាលនៃ​ការរីកចម្រើនរបស់អារ្យធម៌ខ្មែរនាសម័យនោះ។ សំណង់​​​​ស្ថាបត្យកម្ម និងសិល្បៈ​បាន​បង្ហាញពីការទទួលឥទ្ធិពលវប្បធម៌ឥណ្ឌា ទន្ទឹមនឹងការរក្សានូវ​វប្បធម៌​ក្នុងស្រុក ដែលនេះបញ្ជាក់ពីដំណើរ​នៃការ​ទទួលឥទ្ធិពលឥណ្ឌា និងនាំមកនូវ​លក្ខណៈ​ឯកនៃ​វប្បធម៌ខ្មែរ។ ស្ថាបត្យកម្ម និងក្បូរក្បាច់រចនានៃ​ចម្លាក់នៅលើ​តួ​ប្រាសាទរាង​៨ជ្រុង ដែលអ្នកស្រាវជ្រាវ​ហៅថាប្រាសាទ​អណ្តែត និងក្បាច់រចនាលម្អនៅលើផ្តែរមាន​រូបសត្វម្ករ គឺជាអត្តសញ្ញាណតែមួយគត់ក្នុង​សិល្បៈខ្មែរ។ រមណីយ​ដ្ឋាននេះ បាន​ស្ថាបនា​ឡើងជាបន្តបន្ទាប់អស់រយៈ​ពេល​ប្រហែល​៥០០ឆ្នាំ ដែល​រំលេច​ឱ្យ​ឃើញតួ​ប្រាសាទ បដិមា និងស្នាដៃសិល្បៈជាច្រើនស្ថិតនៅកណ្តាល​ព្រៃ ជិតក្រុង​កំពង់ធំ។

    សូមជម្រាបថា គិតមកដល់ពេលនេះ បេតិកភណ្ឌរូបីនៃមនុស្សជាតិ បេតិ​កភណ្ឌ​វប្បធម៌​អរូបីនៃ​មនុស្ស​ជាតិ និងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក ដែលត្រូវបានចុះក្នុងបញ្ជីជា​សម្បត្តិបេតិកភណ្ឌពិភពលោកមាន៖

    ១.បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖

    – តំបន់រមណីយដ្ឋាន​អង្គរ ចុះបញ្ជីនា​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ នៅ​ទី​ក្រុង​សាន់​តាហ្វេ សហរដ្ឋអាមេរិក​

    – ប្រាសាទ​ព្រះវិហារ ចុះបញ្ជីនា​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ នៅ​ទី​ក្រុង​កេបិក ប្រទេស​កាណាដា

    – តំបន់ប្រាសាទ​សំបូរ​ព្រៃគុក​ ចុះ​បញ្ជីនាថ្ងៃ​ទី​៨ ខែ​កក្កដា​ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ក្រាកូវ​ ប្រទេស​ប៉ូឡូញ​

    – រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអា​រ៉ាប៊ី​សាអូឌីត ។

    ២. បេតិ​កភណ្ឌ​វប្បធម៌​អរូបីនៃ​មនុស្ស​ជាតិ៖​

    – របាំ​ព្រះ​រាជ​ទ្រព្យ​ ចុះបញ្ជីនា​ថ្ងៃ​ទី​៧ ខែវិច្ឆិកា​ ឆ្នាំ​២០០៣ នៅ​ទី​ក្រុង​អ៊ីស្ដន់ប៊ូល​ ប្រទេស​តួកគី

    -​ ល្ខោន​ស្រមោល​ស្បែក​ធំ​ ចុះបញ្ជីនា​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​

    – ល្បែង​ទាញ​ព្រ័ត្រ​ ចុះ​បញ្ជីនាថ្ងៃ​ទី​២​ ខែ​ធ្នូ ឆ្នាំ​២០១៥​ នៅ​ទី​ក្រុង​វិនឌុក​ ប្រទេស​ណាមីប៊ី​

    – ចាប៉ី​ដង​វែង​ ចុះបញ្ជីនា​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា ឆ្នាំ២០១៦ នៅ​ទី​ក្រុង​អេតឌីស​អាបាបា​ ប្រទេស​អេត្យូពី​

    – ល្ខោន​ខោលវត្តស្វាយអណ្តែត​ ចុះបញ្ជីនា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅ​ទីក្រុង​ព័រល្វី នៃ​សាធារណរដ្ឋ​ម៉ូរីស​​

    – គុន​ល្បុក្កតោ​ ចុះបញ្ជីនា​ថ្ងៃ​​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នៅ​ទី​ក្រុង​រ៉ាបាត​ ព្រះ​រាជា​ណាចក្រម៉ារ៉ុក ។

    ៣. បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក៖​

    – បណ្ណាសារឧក្រិដ្ឋ​កម្ម​ ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ ចុះបញ្ជីនា​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០០៩ នៅ​ទី​ក្រុង​ប្រ៊ីដថោន​ ប្រទេស​បាបា​ដូស

    – ឯកសារ​សំឡេង​និទាន​រឿង​រាមកេរ្ដិ៍ ដោយ​តាគ្រុឌ ចុះ​បញ្ជីនាថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ខេត្ត​ខ្វាង​ចូវ​ ប្រទេស​ចិន

    – រឿង​អ៉ីណាវ បុស្សិបា ចុះបញ្ជីនា​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: