សិង្ហបុរីវ៉ាដាច់អាមេរិក និងហុងកុង ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតលើពិភពលោក
សឹង្ហបុរីជាប់ឈ្មោះជាប្រទេសដែលមានការប្រកួតប្រជែងច្រើនបំផុតលើពិភពលោក នៅក្នុងការធ្វើចំណាត់ថ្នាក់ប្រចាំឆ្នាំនៃប្រទេសចំនួន ៦៣ ដែលបានចេញផ្សាយក្នុងថ្ងៃពុធ ទី២៩ ខែឧសភា នេះដោយមជ្ឈមណ្ឌលស្រាវជ្រាវ IMD ដែលមានមូលដ្ឋាននៅប្រទេសស្វីស។ របាយការណ៍បានឱ្យដឹងថា ប្រទេសសិង្ហបុរីបានឈរនៅកំពូលតារាងជាលើកដំបូង ចាប់តាំងពី ឆ្នាំ២០១០ ដោយសារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ ពលករមានជំនាញត្រឹមត្រូវ ច្បាប់អន្តោប្រវេសន៍ល្អ និងវិធីប្រកបដោយប្រសិទ្ធភាពក្នុងការបង្កើតអាជីវកម្មថ្មី។

នៅក្នុងប្រភេទនៃផ្នែកសំខាន់ៗចំនួន ៤ ដែលត្រូវបានវាយតម្លៃដោយ IMD ប្រទេសសឹង្ហបុរីត្រូវបានគេមើលឃើញថា បានជាប់លេខ ៥ ផ្នែកបំពេញមុខងារសេដ្ឋកិច្ច (economic performance) លេខ ៣ ផ្នែកប្រសិទ្ធិភាពរបស់រដ្ឋាភិបាល (government efficiency) លេខ ៥ លើផ្នែកប្រសិទ្ធភាពអាជីវកម្ម (business efficiency) និងចុងក្រោយគឺលេខ ៦ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ (infrastructure)។ ហុងកុងដែលជាសេដ្ឋកិច្ចអាស៊ីតែមួយគត់ ក៏បានជាប់ចំណាត់ថ្នាក់លេខ ២ ផងដែរ ដោយសារតែពន្ធអាករ និងបរិយាកាសគោលនយោបាយអាជីវកម្ម ក៏ដូចជាការទទួលបានហិរញ្ញប្បទានពាណិជ្ជកម្មល្អ។
ចំណែកសហរដ្ឋអាមេរិក ដែលឈរលើកំពូលតារាងកាលពីឆ្នាំមុន បានធ្លាក់ទៅក្នុងតំណែងលេខ ៣ វិញ។ របាយការណ៍ដែលត្រូវបានចេញផ្សាយជារៀងរាល់ឆ្នាំ ចាប់តាំងពី ឆ្នាំ១៩៨៩ មួយនេះបានឱ្យដឹងថា ការជំរុញទំនុកចិត្តដំបូងពីរលកនៃគោលនយោបាយពន្ធរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump «ហាក់ដូចជាមិនរីកចម្រើន» ដែលវាប្រហែលជាមូលហេតុអាមេរិកត្រូវធ្លាក់លេខបែបនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ straitstimes