ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្ដម នេត្រ ភក្ត្រា មានប្រសាសន៍ថា ក្រសួងព័ត៌មាន គឺជាតំណាងរបស់ក្រសួង ស្ថាប័ន និងអ្នកនាំពាក្យគ្រប់អង្គភាព ក្នុងការបង្ហាញព័ត៌មានផ្លូវការ ទៅកាន់ប្រជាពលរដ្ឋតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន

    BY SOMATEY July 11, 2025
    ឯកឧត្ដម នេត្រ ភក្ត្រា មានប្រសាសន៍ថា ក្រសួងព័ត៌មាន គឺជាតំណាងរបស់ក្រសួង ស្ថាប័ន និងអ្នកនាំពាក្យគ្រប់អង្គភាព ក្នុងការបង្ហាញព័ត៌មានផ្លូវការ ទៅកាន់ប្រជាពលរដ្ឋតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងព័ត៌មាន និង និយ័តករមូលបត្រកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាផ្លូវការលើកិច្ចសហប្រតិបត្តិការផលិត និងផ្សព្វផ្សាយព័ត៌មាន រួមទាំងព្រឹត្តិការណ៍នានានៅលើបណ្តាញផ្សព្វផ្សាយគ្រប់ប្រភេទរបស់ក្រសួងព័ត៌មាន ដើម្បីអោយ ប្រជាជនកាន់តែយល់ដឹងបន្ថែមទៀតទៅលើទីផ្សារភាគហ៊ុន និងវិស័យមូលបត្រនៅកម្ពុជា។

    ពិធីចុះអនុស្សរណៈយោគយល់ជាផ្លូវការនេះបានធ្វើឡើង ក្រោមអធិបតីយភាពដ៏ខ្ពង់របស់ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ ដឹកនាំរបស់ក្រសួងព័ត៌មាន និងនិយ័តករមូលបត្រកម្ពុជា នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន ។

    ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា ក្រសួងព័ត៌មាន គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល មានតូនាទីក្នុងការសហការជាមួយក្រសួង ស្ថាប័ននានាៗ ចំណុះអោយរាជរដ្ឋាភិបាល លើកិច្ចការងារផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាផលិតព័ត៌មាន ។ ហើយលើសពីនេះក្រសួងព័ត៌មាន គឺជាតំណាងរបស់ក្រសួង ស្ថាប័ន និងអ្នកនាំពាក្យគ្រប់អង្គភាព ក្នុងការបង្ហាញព័ត៌មានផ្លូវការទៅកាន់ប្រជាពលរដ្ឋតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន ។

    ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្រសួងព័ត៌មាន មានបណ្ដាញផ្សព្វផ្សាយផ្លូវការធំៗចំនួន ៤ គឺអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក), អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា(RNK), ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) និង APP ក្រសួងព័ត៌មាន (APP MoINFO) ដែលផ្សព្វផ្សាយ និងផលិតព័ត៌មានប្រកបដោយវិជ្ជាជីវៈ គ្រប់ជ្រុងជ្រោយ និងផ្លូវការ ។

    ក្នុងឱកាសនោះដែរ ឯកឧត្ដម ស៊ូ សុជាតិ បានគូសបញ្ជាក់ថា ឯកឧត្ដម មានជំនឿយ៉ាងមុតមាំ និងរំពឹងខ្ពស់ក្នុងការបង្កើនការយល់ដឹងផ្នែកទីផ្សារភាគហ៊ុន និងវិស័យមូលបត្រកម្ពុជា តាមរយៈការផ្សព្វផ្សាយ ក៏ដូចជាការផលិតព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយក្រសួងព័ត៌មាន ។ ឯកឧត្ដម បានបន្ថែមថា ការផ្សព្វផ្សាយដោយប្រើប្រាស់ឆានែលផ្ទាល់ខ្លួន គឺពុំចាត់ទុកថា ជាការផ្សព្វផ្សាយផ្លូវការនោះទេ ដូច្នេះមានតែបណ្ដាញផ្សព្វផ្សាយ របស់ក្រសួងព័ត៌មានប៉ុណ្ណោះ ដែលជាបណ្ដាញផ្សព្វផ្សាយផ្លូវការរបស់រដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងច្បាស់ការបំផុត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: