ការសិក្សាបានរកឃើញថា ឧស្សហ៍មានស្នាមញញឹមក្លែងក្លាយនៅកន្លែងធ្វើការ អាចនាំឱ្យបុគ្គលិកក្លាយជាបុគ្គលផឹកស្រាច្រើន
ការសិក្សាមួយបានរកឃើញថា ការផ្តល់នូវស្នាមញញឹមក្លែងក្លាយនៅកន្លែងធ្វើការ អាចនាំឱ្យបុគ្គលិកទាំងនោះក្លាយជាបុគ្គលផឹកស្រាច្រើន នៅក្រោយពេលពួកគេសម្រាកពីការងារ។ នៅក្នុងការសិក្សានេះអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Penn State និងសាកលវិទ្យាល័យ Buffalo បានតាមដានទម្លាប់នៃការផឹករបស់មនុស្ស ១,៥៩២នាក់ ដែលពួកគេសុទ្ធតែជាបុគ្គលិកធ្វើការជាប្រចាំជាមួយសាធារណជន។ ក្នុងនោះសាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រនៅសាកលវិទ្យាល័យ Penn State អ្នកនាង Alicia Grandey បាននិយាយថា ខណៈពេលដែលញញឹមជាផ្នែកមួយនៃការងាររបស់លោកអ្នក ហើយវាហាក់ដូចជាលក្ខណៈវិជ្ជមាននោះ វាអាចនឹងសាបអស់ទៅវិញប្រសិនបើធ្វើបែបនេះពេញមួយថ្ងៃ។

ការក្លែងបន្លំ និងទប់អារម្មណ៍ជាមួយអតិថិជនវាពិតជាពាក់ព័ន្ធនឹងការផឹកស្រា ហើយវាលើសពីភាពតានតឹងនៃការងារ ឬអារម្មណ៍អវិជ្ជមានរបស់បុគ្គលិក។ វាមិនមែនគ្រាន់តែអារម្មណ៍មិនល្អ ទើបធ្វើឱ្យពួកគេឈានដល់ថ្នាក់ទៅផឹកស្រានោះទេ! ផ្ទុយទៅវិញប្រសិនបើពួកគេកាន់តែគ្រប់គ្រងអារម្មណ៏អវិជ្ជមានរបស់ខ្លួននៅកន្លែងធ្វើការបានប៉ុណ្ណា ពួកគេកាន់តែមិនអាចគ្រប់គ្រងតម្រូវការផឹកស្រាដើម្បីរំសាយអារម្មណ៍ទៅតាមនោះដែរ។

ការស្រាវជ្រាវដែលត្រូវបានចុះផ្សាយក្នុងទិនានុប្បវត្តិ Journal of Occupational Health Psychology ក៏បានរកឃើញថា ទំនាក់ទំនងរវាងស្នាមញញឹមក្លែងក្លាយដែលហៅថា សិល្បៈនៃការសម្ដែងលើផ្ទៃមុខ (surface acting) និងការផឹកស្រាក្រោយពេលចេញពីធ្វើការ គឺពិតជាមានភាពទាក់ទងគ្នាយ៉ាងខ្លាំង ជាពិសេសគឺក្រុមបុគ្គលិក ឬមនុស្សដែលឆេវឆាវតែម្ដង។ ប៉ុន្តែការសិក្សានេះក៏បានបង្ហាញថា ផលប៉ះពាល់មិនអាក្រក់ខ្លាំងទេ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងផ្នែកផ្លូវចិត្តរបស់បុគ្គលិក ស៊ីគ្នាជាមួយនឹងរង្វាន់ហិរញ្ញវត្ថុហៅកាត់ថា ប្រាក់ខែ ឬការវាយតម្លៃល្អ៕



អត្ថបទ៖ លីដា
ប្រភព៖ Scoopwhoop