បច្ចេកវិទ្យា

លឺដំណឹងថា Galaxy Note 10 អាចនឹងប្រើឆ្នាំងសាកល្បឿនលឿនរហូតដល់ 100W

BY
Khmernote Media
May 29, 2019

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញការសាកថ្មប្រភេទថ្មី អាចមានសមត្ថភាពបញ្ចូលថាមពលថ្មបានរហូតដល់ទៅ 100 W (20V / 5A) ដែលជាប្រភេទ SE8A និង MM101។ បច្ចេកវិទ្យាសាកថ្មប្រភេទថ្មីនេះ ត្រូវបន្ថែមនូវប្រព័ន្ធសុវត្ថិភាពខ្ពស់ ដែលនឹងកាត់ផ្តាច់ចរន្ត នៅពេលដែលអ្នកប្រើប្រាស់ឆក់ចរន្តអគ្គិសនី ហើយថែមទាំងការពារការឡើងតង់ស្យុងខ្លាំងពេកផងដែរ។ មិនតែមានប្រព័ន្ធសុវត្ថិភាពខ្ពស់ ឧបករណ៍សាកថ្មថ្មីនេះនឹងជួយឲ្យការបញ្ចូលថាមពលថ្មកាន់តែមានប្រសិទ្ធភាព។

ក្រុមហ៊ុន Samsung មិនបានបង្ហាញពីថេរវេលានៅការសាកថ្មមួយពេញឡើយ ប៉ុន្តែក្រុមហ៊ុន Xiaomi ធ្លាប់ប្រកាសកាលពីដើមឆ្នាំនេះ ពីបច្ចេកវិទ្យាសាកថ្មលឿន “Super Charge Turbo” កម្លាំង 100W របស់ខ្លួនផងដែរ ដោយទំហំថ្ម 4,000mAh សាកពី 0% ទៅ 50% ចំណាយពេលតែ 7នាទីប៉ុណ្ណោះ ហើយសាកមួយពេញចំណាយពេលតែ 17នាទីប៉ុណ្ណោះ។ ដូច្នេះឆ្នាំងសាក 100W របស់ Samsung អាចប្រើពេលសាកប្រហាក់ប្រហែលនឹង Xiaomi ដែរ។

Samsung ក៏បានបញ្ជាក់ផងដែរថា ឆ្នាំងសាក 100W នេះអាចប្រើបានទាំង ស្មាតហ្វូ Laptop Tablet និង អេក្រង់ Monitor បាន ដោយអ្នកប្រើប្រាស់មិនចាំបាច់ប្រើឆ្នាំងសាកច្រើនឡើយ។ Samsung ក៏បាននិយាយផងដែរថា បច្ចុប្បន្ននេះ ឧបករណ៍សាកលឿនប្រភេទ MM101 កំពុងតែធ្វើការសាកល្បង ខណៈដែលឧបករណ៍ SE8A អាចនឹងដាក់បញ្ចូលក្នុងចង្វាក់ផលិតកម្ម ដែលនេះមានន័យថា ឆ្នាំងសាក 100W អាចនឹងមាននៅលើ Galaxy Note 10 ឬក៏ឧបករណ៍អេឡិចត្រូនិកថ្មីទៀត ដែលចេញនៅចុងឆ្នាំនេះ៕

អត្ថបទ៖ ដា
ប្រភព៖ phonearena

Share This Post: