ផ្លែទុរេនប្រមាណជាង ៤តោន ប្រជាពលរដ្ឋ២ឃុំ ស្រុកសំឡូត យកមកប្រគល់ជូនទីបញ្ជាការទិសទី១ សម្រាប់ជួយដល់កម្លាំងជួរមុខការពារព្រំដែន
បន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ផ្លែទុរេនប្រមាណជាង៤តោនប្រជាពលរដ្ឋ២ឃុំស្រុកសំឡូតយកមកប្រគល់ជូនទីបញ្ជាការទិសទី១សម្រាប់ជួយដល់កម្លាំងជួរមុខការពារព្រំដែននៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៥នៅទីបញ្ជាការដ្ឋានទិសទី១បន្ទាយមានជ័យ។

លោក ឈិម ព្រឿង មេឃុំសំឡូត និងលោក វិត រ៉េត មេឃុំស៊ុង បានមានប្រសាសន៍ថា ផ្លែទុរេនប្រមាណជាង៤តោន និងបន្លែផ្លែឈើជាច្រើនប្រភេទដែលនាំយកប្រគល់ជូនលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងមេបញ្ជាការទិសទី១បន្ទាយមានជ័យសម្រាប់ទទួលយកទៅបែងចែកដល់កងកម្លាំងជួរការពារខ្សែបន្ទាត់ព្រំដែននិងបូរណៈភាពទឹកដីក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ។
លោកមេឃុំទាំងពីរបានបញ្ជាក់ថា ផ្លែទុរេននិងបន្លែផ្លែឈើជាច្រើនប្រភេទ ដែលនាំយកមកប្រគល់ជូនទីបញ្ជាការទិសទីបន្ទាយមានជ័យ នៅពេលនេះគឺបងប្អូនប្រជាពលរដ្ឋក្នុងឃុំសំឡូត ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបានបង្កបង្កើនផលដោយខ្លួនឯងហើយគាងគូរគ្នាបានយកមកប្រគល់ជូនទិសទី១ បន្ទាយមានជ័យដើម្បីយកទៅចែកជូនដល់កម្លាំងជួរមុខ។
លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងមេបញ្ជាការទិសទី១បន្ទាយមានជ័យមានប្រសាសន៍ថ្លែងអំណគុណចំពោះបងប្អូនប្រជាពលរដ្ឋ២ឃុំមានឃុំសំឡូត និងឃុំស៊ូង ស្រុកសំឡូតបាននាំយកផ្លែទុរេន ជាង៤តោននិងបន្លែផ្លែឈើជាច្រើនមុខដែលបានយកមកប្រគល់ជូនបញ្ជាការទិសទី១បន្ទាយមានជ័យ ដើម្បីយកទៅប្រគល់ជូនកម្លាំងជួរដែលកំពុងការពារខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ការពារបូរណៈភាពទឹកដីនិងមាតុភូមិកម្ពុជា ឱ្យបានគង់វង់មិនអោយប្រទេសជិតខាងរំលោភបំពានបានឡើយ៕




