កម្លាំងចម្រុះបង្ក្រាបទីតាំងល្បែ-ងអនឡាញខ្នាតធំនៅមណ្ឌលគិរី ឃាត់ខ្លួនមនុស្ស ១៤៩នាក់មកពី ១៣សញ្ជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបទីតាំងល្បែងអនឡាញខ្នាតធំមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ១៤៩នាក់ ក្នុងនោះមានស្រី ៣១នាក់ ដែលពួកគេមានសញ្ជាតិរហូតដល់ ១៣ផ្សេងគ្នា។ បន្ថែមពីលើនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាច្រើនរួមមាន កុំព្យូទ័រ ទូរសព្ទដៃ និងសម្ភារពាក់ព័ន្ធផ្សេងទៀត ដែលត្រូវបានប្រើប្រាស់នៅក្នុងសកម្មភាពល្បែងអនឡាញខុសច្បាប់នេះ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់កំពុងត្រូវបានកម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរីធ្វើការសាកសួរ និងបន្តនីតិវិធីច្បាប់។ នេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរខេត្តមណ្ឌលគិរីក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើសច្បាប់គ្រប់ប្រភេទ ជាពិសេសល្បែងអនឡាញដែលកំពុងក្លាយជាបញ្ហាក្នុងសង្គម៕




ប្រភព៖ ក្រសួងព័ត៌មាន