ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសម្ពោធមជ្ឈមណ្ឌលផ្កាឈូក ដែលជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក។

មជ្ឈមណ្ឌលផ្កាឈូក មានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ មជ្ឈមណ្ឌលនេះ ជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា។
មជ្ឈមណ្ឌលផ្កាឈូក ជាកន្លែងដំបូងបង្អស់តែមួយគត់នៅកម្ពុជា សម្រាប់ដោះស្រាយ ការប្រឈមនៃការជួញដូរ កេងប្រវញ្ចលើកុមារជាពិសេសតាមបណ្តាញអ៊ីនធើណេត។ នេះគឺជាមជ្ឈមណ្ឌលលំដាប់ពិភពលោក ដែលនឹងក្លាយជាទីតាំងរបស់ក្រុមការងារប្រឆាំងឧក្រិដ្ឋកម្មអ៊ិនធឺណិតទៅលើកុមារនៅកម្ពុជា។ មជ្ឈមណ្ឌលនេះ នឹងដាក់ប្រទេសកម្ពុជាជាចំណុចកណ្តាល នៃការប្រយុទ្ធប្រឆាំងនឹងអ្នកដែលព្យាយាមធ្វើបាបកុមារ។
មជ្ឈមណ្ឌលផ្កាឈូក នឹងកំណត់ស្តង់ដារថែទាំមួយសម្រាប់កុមាររងគ្រោះ ក្នុងប្រទេសកម្ពុជា។ វាជាទីកន្លែងមួយ ដែលជនរងគ្រោះនៅរស់រានមានជីវិតទទួលបាននូវការយកចិត្តទុកដាក់ដោយសេចក្តីថ្លៃថ្នូរ និងការគោរព។
មជ្ឈមណ្ឌលផ្កាឈូក ត្រូវបានបង្កើតឡើងជាពិសេសដើម្បីផ្តល់នូវសេវាកម្មដែលមានកំរិតខ្ពស់ ទៅដល់កុមាររងគ្រោះនៅក្នុងបរិយាកាសមួយដែលមានសុវត្ថិភាព ការថែទាំ និងការគាំទ្រ។ ការរចនារបស់មជ្ឈមណ្ឌលនេះ ត្រូវបានទទួលការកោតសរសើរពីដៃគូអន្តរជាតិ ហើយត្រូវបានគេពិពណ៌នាថាជាគំរូរួមមួយ ដែលអាចយកទៅចម្លងជាអន្តរជាតិ។
សេវាកម្មទាំងអស់របស់អង្គភាពការពារកុមារ រាប់ពីការស៊ើបអង្កេត ការបណ្តុះបណ្តាល ការធ្វើកោសល្យវិច័យ និងជំនួយដល់ជនរងគ្រោះ នឹងស្ថិតនៅក្រោមដំបូលតែមួយ។
មជ្ឈមណ្ឌល ផ្កាឈូក ផ្តល់ជូន៖ ការព្យាបាលរបួសបឋម, ការពិនិត្យកោសល្យវិច័យ,មន្ទីរពិសោធន៍កោសល្យវិច័យដំបូងគេរបស់កម្ពុជា, បន្ទប់ពិសេសសម្រាប់សម្ភាសន៍,អ្នកប្រឹក្សាដែលទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ និងជំនួយផ្នែកផ្លូវចិត្ត, ការផ្តល់កន្លែងស្នាក់នៅដែលមានសុវត្ថិភាពសម្រាប់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ, ក្រុមការងារពេញម៉ោងសំរាប់ផ្តល់ការថែទាំបន្ទាប់, ខ្សែទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោង។
មជ្ឈមណ្ឌលនេះ ជាទីកន្លែងពិសេសសម្រាប់ផ្តល់វគ្គបណ្តុះបណ្តាលលើការស៊ើបអង្កេតផ្នែកកោសល្យវិច័យដល់នគរបាលថ្នាក់តំបន់និងថ្នាក់ជាតិ គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិត។
មជ្ឈមណ្ឌលផ្កាឈូក ក៏ផ្តល់នូវវគ្គសិក្សាដែលរចនាឡើងជាពិសេស និងបង្រៀនដោយគ្រូបណ្តុះបណ្តាលដែលមានវិញ្ញាបនបត្រអន្តរជាតិមកពីជុំវិញពិភពលោក ដើម្បីកសាងសមត្ថភាព និងបណ្តុះបណ្តាលដល់អ្នកដែលមានភារកិច្ចមិនត្រឹមតែពាក់ព័ន្ធ នឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំង នឹងកុមារប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកដែលឆ្លើយតបដំបូង អ្នកថែទាំ និងអ្នកព្យាបាល កុមាររងគ្រោះដោយឧក្រិដ្ឋកម្មផងដែរ។
មជ្ឈមណ្ឌលផ្កាឈូក នឹងធានាថា អ្នកដែលបំពានលើកុមារ នឹងត្រូវទទួលទោសចំពោះមុខច្បាប់៕

ប្រភព៖ ក្រសួងព័ត៌មាន