រថយន្តកុងតឺន័របុករថយន្តដឹកសិស្សពេញទំហឹង របួសធ្ងន់២នាក់គៀបជាប់កាប៊ីនរថយន្ត
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តកុងតឺន័របុកគ្នាពេញទំហឹងជាមួយនឹងរថយន្តសាំយ៉ុងរបស់សាលាអន្តរជាតិគីហ្សូណា បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់គៀបជាប់ក្នុងកាប៊ីនរថយន្ត។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង៤០នាទីទៀបភ្លឺថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅមុខបុរី New Town អូរឌឹម តាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសាំយ៉ុងរបស់សាលាអន្តរជាតិគីហ្សូណា ពាក់ស្លាកលេខ ភ្នំពេញ 2AN-5507 ធ្វើដំណើរយ៉ាងលឿងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត លុះមកកើតហេតុស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B-7052 ធ្វើដំណើរបញ្ច្រាសទិសគ្នា បានជ្រុលមកបុកពេញទំហឹង បណ្តាលឲ្យរងរបួសមនុស្ស២នាក់គៀបជាប់នៅក្នុងកាប៊ីនរថយន្ត ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាគាស់ទ្វារជួយសង្គ្រោះ ប៉ុន្តែដោយសារគាស់មិនចេញទើបទូរស័ព្ទហៅក្រុមសង្គ្រោះមកជួយកាត់ដែក ដើម្បីជួយជនរងគ្រោះ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ ហើយបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ និងយករថយន្តទាំង២ទៅរក្សាទុក ដើម្បីរងចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយ៕
