អន្តរជាតិ

មនុស្ស ៥នាក់បានបាត់បង់ជីវិត និងជាង ១០០នាក់កំពុងបាត់ខ្លួន ដោយសារទឹកជំនន់នៅប្រទេសឥណ្ឌា

BY
Pheakdey
August 6, 2025

ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន​ ៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងតំបន់ជួរភ្នំហិម៉ាឡៃយ៉ាន ដែលស្ថិតនៅក្នុងដែនដីនៃប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៦​​ ខែសីហា។ ក្រៅតែពីបានបណ្តាលឱ្យមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏មានមនុស្សជាង ១០០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។

បើតាមលោក Sanjay Seth រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាបានបញ្ជាក់ថា ស្ថានភាពទឹកជំនន់នៅតំបន់ខាងលើនេះកំពុងស្ថិតនៅក្នុងកម្រិតអាសន្នខ្ពស់បំផុត​ ដ្បិតទឹកជំនន់បានកើតឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យពលរដ្ឋនិងអាជ្ញាធរមិនអាចត្រៀមការពារខ្លួនបានទាន់ពេលវេលានោះទេ។ ជុំវិញករណីអ្នកបាត់ខ្លួនវិញ អាជ្ញាធរកំពុងដាក់ពង្រាយក្រុមអ្នកសង្គ្រោះបន្ទាន់ជាច្រើនាក់ដើម្បីតាមស្វែងរកពួកគេ ខណៈតាមការសន្និដ្ឋានបឋមគឺភាគច្រើននៃអ្នកបាត់ខ្លួនទាំងនោះទំនងជាបានស្លាប់បាត់បង់ជីវិតទៅហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: