អន្តរជាតិ

មន្ទីរពេទ្យប្រទេសថៃមួយកន្លែង ត្រូវពិន័យជាង ៣៧,០០០ដុល្លារ បន្ទាប់ពីឯកសារព្យាបាលសម្ងាត់របស់អ្នកជំងឺត្រូវគេប្រទះឃើញប្រើប្រាស់យកទៅខ្ចប់នំ

BY
Pheakdey
August 7, 2025

ថៃ៖ មន្ទីរពេទ្យមួយកន្លែងនៅប្រទេសថៃត្រូវបានអាជ្ញាធរពិន័យជាប្រាក់ចំនួន ១,២១ លានបាត ( ៣៧,៤៤២ ដុល្លារ) ក្រោយបណ្តោយឱ្យឯកសារសម្ងាត់របស់អ្នកជំងឺត្រូវគេយកទៅខ្ចប់នំជាសាធារណៈ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃទី៦ ខែសីហា។ មន្ទីរពេទ្យមួយកន្លែងនេះត្រូវបានស្គាល់ថា មានទីតាំងស្ថិតនៅក្នុងខេត្ត Ubon Ratchathani តែឈ្មោះរបស់មន្ទីរពេទ្យមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។

ប្រភពខាងលើបានបន្តថា រឿងរ៉ាវចម្រូងសម្រាសនេះត្រូវបានបែកធ្លាយតាមរយៈគណនីបណ្តាញសង្គមម្នាក់ឈ្មោះ Doctor Lab Panda ដែលជា Influencer នៅក្នុងប្រទេសថៃផងនោះ បានបង្ហោះរូបមួយសន្លឹកបញ្ជាក់ថា ឯកសារសម្ងាត់របស់អ្នកជំងឺម្នាក់ត្រូវបានគេយកទៅខ្ចប់នំលក់តាមដងផ្លូវយ៉ាងអសីលធម៌បំផុត។ ក្រោយការស៊ើបអង្កេតអាជ្ញាធរថៃបានរកឃើញថា ឯកសារសម្ងាត់ដែលបានបែកធ្លាយនោះមានរហូតដល់ជាង ១,០០០សន្លឹកឯណោះ ខណៈដែលយោងទៅតាមក្រមសីលធម៌ការងារ គឺមន្ទីរពេទ្យត្រូវកិនកម្ទេចឯកសារទាំងនោះចោលនៅពេលវាលែងមានភាពចាំបាច់ក្នុងការប្រើប្រាស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

Share This Post: