ព័ត៌មានជាតិ

ក្រុមនិស្សិត និងបញ្ញវន្តខ្មែរជិត២០០០នាក់ដាក់ញត្តិស្នើទៅស្ថានទូតធំៗនៅកម្ពុជា ដើម្បីជំរុញឱ្យថៃដោះលែងកងទ័ពខ្មែរទាំង១៨រូប

BY
SOMATEY
August 7, 2025

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ក្រុមនិស្សិត និងបញ្ញវន្តខ្មែរជិត ២ ០០០នាក់បានដាក់ញត្តិស្នើទៅស្ថានទូតធំៗនៅកម្ពុជា ដើម្បីជំរុញឱ្យថៃដោះលែងកងទ័ពខ្មែរទាំង១៨រូប។ ការដាក់ញត្តិនេះធ្វើឡើងក្រោយថៃបានចាប់ និងគ្រប់គ្រងកងទ័ពខ្មែរ ដោយមិនព្រមបញ្ជូនឱ្យកម្ពុជាវិញជិត១០ថ្ងៃមកនេះ។

តំណាងយុវជនដែលជានិស្សិតថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកផ្តួចផ្តើមគំនិតធ្វើញត្តិ លោក សែមស័ក្តិ សេនា បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែសីហា លោកបានធ្វើយុទ្ធនាការដាក់ញត្តិនៅតាមស្ថានទូតធំៗចំនួន១៦នៅកម្ពុជា ដើម្បីស្នើឱ្យបណ្តាប្រទេសទាំងនោះអន្តរាគមន៍ឱ្យថៃដោះលែងកងទ័ពខ្មែរទាំង១៨រូប និងអនុវត្តបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់។ ការដាក់ញត្តិនេះក្រោយប្រមូលហត្ថលេខាគាំទ្របានជាង ១ ៧០០នាក់ ពីយុវជន និស្សិត និងបញ្ញវន្តនៅក្នុងខេត្តបាត់ដំបង ខេត្តកំពត និងនៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី០៥ ខែសីហា។

លោក សែមស័ក្តិ សេនា ថ្លែងថា «ចំណុចទី១ គឺស្នើសុំឱ្យមានការដោះលែងជាបន្ទាន់នូវវីរកងទ័ពរបស់យើងទាំង ១៨រូប ។ ដែលនៅសល់ឱ្យមានសុវត្ថិភាពមកវិញ។ ហើយទី២ ស្នើឱ្យភាគីថៃគោរពនូវសន្ធិសញ្ញា អនុស្សរណៈ និងបទឈប់បាញ់ឱ្យបានហ្មត់ចត់»។ ស្ថានទូតទាំង១៦ដែលជាគោលដៅដាក់ញត្តិស្នើសុំអន្តរាគមន៍រួមមាន ស្ថានទូតបារាំង ស្ថានទូតអង់គ្លេស ស្ថានទូតអាមេរិក ស្ថានទូតឥណ្ឌា ស្ថានទូតអាល្លឺម៉ង់ សហភាពអឺរ៉ុប ស្ថានទូតសិង្ហបុរី ស្ថានទូតអូស្ត្រាលី ស្ថានទូតរុស្ស៊ី ស្ថានទូតសាធារណរដ្ឋកូរ៉េ ស្ថានទូតជប៉ុន ស្ថានទូតមីយ៉ាន់ម៉ា ស្ថានទូតម៉ាឡេស៊ី ស្ថានទូតឡាវ ស្ថានទូតវៀតណាម និងស្ថានទូតចិន។

បើតាមលោក សេនា គិតត្រឹមរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ការដាក់ញត្តិនៅស្ថានទូតគោលដៅទាំង១៦ទីតាំង ត្រូវបានបញ្ចប់។ លោកមានជំនឿចិត្តថា សំឡេងសាធារណជនខ្មែរជាង១៧០០នាក់តាមរយៈញត្តិនេះនឹងជាផ្នែកមួយជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសទាំងនោជួយអន្តរាគមន៍ឱ្យថៃបញ្ជូនកងទ័ពខ្មែរទាំង១៨រូបមកកម្ពុជាវិញ និងបានលើកឡើងថា «សម្រាប់ខាងស្ថានទូតមួយដែលគាត់មកទទួលដោយផ្ទាល់នោះ គឺគាត់សន្យានឹងពាំនាំនូវសំឡេងប្រជាធិបតេយ្យរបស់យើងខ្ញុំទាំងជាង១០០០នាក់នេះ នឹងទៅដល់រដ្ឋាភិបាលរបស់គេ ហើយរិះរកនូវមធ្យោបាយ ដើម្បីភាគីថៃគោរពតាមអ្វីដែលពួកគាត់បានសន្យា ហើយបញ្ជូនមកវិញនូវយុទ្ធជនទាំង១៨រូប»។

និស្សិតថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយម្នាក់ទៀត លោក មាស រស្មី បានឱ្យដឹងថា លោកពេញចិត្តនឹងចូលរួមជំរុញឱ្យបណ្តាប្រទេសផ្សេងជួយអន្តរាគមន៍ដល់កងទ័ពខ្មែរ។ ជាមួយគ្នាលោកថានឹងបន្តរិះរកមធ្យោបាយបន្ថែមទៀត ដើម្បីទាមទារឱ្យថៃបញ្ជូនកងទ័ពខ្មែរមកកម្ពុជាវិញ។ «ក្នុងនាមខ្ញុំជាខ្មែរម្នាក់ ហើយក្នុងនាមជាពលរដ្ឋដែលចង់បាននូវសន្តិភាព គឺនឹងប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឱ្យបងប្អូនកងទ័ពយើងបានត្រឡប់មកវិញ តាមលទ្ធភាពដែលអាចធ្វើទៅបាន»។

អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានឱ្យដឹងថា ក្នុងចំណោមក្រុមនិស្សិតបញ្ញវន្តខ្មែរដែលបានគាំទ្រញត្តិ ក៏មានលោក និងមន្ត្រីផ្សេងជាច្រើនទៀត រួមទាំងប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូច ដែរ។ ការចូលរួមគាំទ្រការដាក់ញត្តិនេះ ក្នុងគោលបំណងបង្ហាញពីការចូលរួមរបស់និស្សិតបញ្ញវន្តខ្មែរជាមួយរដ្ឋាភិបាល និងបណ្តាប្រទេសផ្សេងក្នុងការដោះស្រាយបញ្ហាប្រឈម។ «យើងជាបញ្ញាវ័ន្តក៏យើងត្រូវតែប្រឹងប្រែងដែរ បើទោះជាយើងគិតថាសំឡេងយើងនៅក្នុងកម្រិតណាមួយក៏ដោយ ក៏ប៉ុន្តែបញ្ញាវ័ន្តជាង ១ ០០០នាក់ ក៏មិនសាមញ្ញពេកដែរ ដែលយើងអាចធ្វើបាន ហើយយកទៅដាក់សម្រាប់ប្រទេសសំខាន់ៗទាំងមហាអំណាច និងប្រទេសសំខាន់មួយចំនួនទៀត ដែលមាននិវេសនដ្ឋាននៅកម្ពុជាយើង»។ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការពារជាតិជារឿយៗបានអះអាងថា ពីការចរចា និងទាមទារឱ្យភាគីថៃបញ្ជូនកងទ័ពខ្មែរចំនួន១៨នាក់ ត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាព។

សូមបញ្ជាក់ថា កងទ័ពខ្មែរចំនួន២០នាក់ត្រូវបានថៃចាប់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែកក្កដា ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន។ យ៉ាងណា នៅព្រឹកថ្ងៃទី០១ ខែសីហា ថៃបានបញ្ជូនកងទ័ពខ្មែរមកកម្ពុជាវិញ២នាក់ដោយរថយន្តសង្គ្រោះបន្ទាន់ ចំណែក១៨នាក់ផ្សេងទៀតថៃនៅគ្រប់គ្រងនៅឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: