អភិបាលខេត្តស្វាយរៀង សំណូមពរដល់ពលករខ្មែរ ដែលទើបត្រលប់មកពីថៃវិញ ត្រូវតាំងចិត្តខិតខំធ្វើការងារនៅក្នុងស្រុក ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិ
យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានសំណូមពរដល់ពលករខ្មែរដែលទើបត្រលប់មកពីប្រទេសថៃវិញ ត្រូវតាំងចិត្តខិតខំធ្វើការងារនៅក្នុងស្រុក ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិ ឱ្យកាន់តែប្រសើរឡើង។

ការសំណូមពររបស់ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីវេទិកាការងា និងការចុះឈ្មោះស្វែងរកការងារធ្វើរបស់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនពលករទើបវិលត្រឡប់មកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ ក្នុងនោះមានការសម្ភាសការងារជ្រើសរើសដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន និងក្រុមការងារទីភ្នាក់ងារជាតិមុខរបរនិងការងារ ស្ថិតនៅបរិវេណសាលាស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ។
កម្មវិធីនេះបានប្រព្រឹត្តទៅមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធក្នុងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុុក សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនក្នុងខេត្តចំនួន៥ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងពលករដែលទើបវិលមកពីប្រទេសថៃ ចូលរួមសរុបប្រមាណ៩៧០នាក់ ស្រី៤៥០នាក់។
មានប្រសាសន៍ទៅកាន់វេទិការនេះ ឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់បងប្អូនពលករខ្មែរយើងដែលទើបត្រលប់មកពីប្រទេសថៃវិញ ត្រូវតាំងចិត្តខិតខំធ្វើការនៅក្នុងស្រុករបស់យើង ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើង ព្រោះថា ការងារនៅក្នុងស្រុកក៏មានភាពងាយស្រួលជាង មានសុវត្ថិភាពជាង និងទទួលបានអត្ថប្រយោជន៍ច្រើនជាងធ្វើការនៅថៃ ដែលទទួលរងនូវការម៉ាក់ងាយពីថៅកែថៃមួយចំនួន ក្រុមជ្រុលនិយមរបស់គេផងដែរ។
ឯកឧត្ដម បន្តថា «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុករមាសហែកនាពេលនេះ បានផ្តល់ឱកាសការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនក្នុងខេត្តស្វាយរៀងនៅទីនេះមានចំនួន៥ ដែលកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន៣,៣៤៧កន្លែង ទន្ទឹមនេះចំពោះប្រាក់ចំណូលដែលទទួលបានបើប្រៀបធៀបនឹងការទៅធ្វើការនៅប្រទេសថៃ គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃគ្មានសុវត្ថិភាព ហើយនៅឆ្ងាយពីស្រុកកំណើត ឆ្ងាយពីឪពុកម្ដាយទៀតផង៕



ប្រភព៖ ក្រសួងព័័ត៌មាន