ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឆ្លើយតបទៅនឹងការលើកឡើងរបស់ថៃ ដែលចោទកម្ពុជាថា ដាក់មីនថ្មី

    BY SOMATEY August 14, 2025
    អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឆ្លើយតបទៅនឹងការលើកឡើងរបស់ថៃ ដែលចោទកម្ពុជាថា ដាក់មីនថ្មី

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានធ្វើការឆ្លើយតបនឹងការចោទរបស់ភាគីថៃដែលថា កម្ពុជាបានដាក់មីនថ្មីគឺគ្មានភស្តុតាងច្បាស់លាស់ ទាល់តែសោះ និងបានប្រកាសបដិសេធថាមិនបានដាក់មីនថ្មីដូចការចោទប្រកាន់របស់ភាគីនោះទេ។

    ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្ដរជាតិបានលើកឡើងថា ក្រសួងការបរទេសកម្ពុជាសូមប្រកាសបដិសេធចំពោះការលើកឡើងរបស់ភាគីថៃដោយបានចោទប្រកាន់ជាបន្តបន្ទាប់កាលពីថ្ងៃទី១០ និងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ថា កម្ពុជាបានដាក់មីនថ្មី ហើយការចោទប្រកាន់ថាកម្ពុជាដាក់មីនថ្មីគឺគ្មានភស្តុតាងដែលទុកចិត្តបានទាល់តែសោះ។ ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖ «កម្ពុជាពុំដែលបានដាក់មីនទាល់តែសោះក្នុងឋានៈជាប្រទេសភាគីនៃអនុសញ្ញាអូតាវ៉ាកាលពីឆ្នាំ១៩៩៩មក ហើយកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ សម្រាប់សមិទ្ធផលរបស់ខ្លួនក្នុងប្រទេស និងនៅក្រៅប្រទេស។ ការចោទប្រកាន់ថាកម្ពុជាដាក់មីនថ្មីគឺគ្មានភស្តុតាងដែលទុកចិត្តបានទាល់តែសោះ»។

    ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ថា ចំពោះគ្រោះថ្នាក់ដោយសារមីនដែលបានកើតមានឡើងនៅតំបន់ដែលកើតមាននៅក្នុងតំបន់កំពុងមានជម្លោះ ឬស្ថិតនៅខាងក្នុងទឹកដីកម្ពុជាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដូចដែលបានកំណត់នៅក្នុងអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាដែលបានកំណត់នៅឆ្នាំ១៩០៧ ហើយបានបញ្ជាក់ដោយសាលក្រមដោយតុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ និង ឆ្នាំ២០១៣។ ឯកឧត្ដមក៏បានបន្ថែមថា អនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ក៏បានហាមឃាត់សកម្មភាពយោធាជាឯកតោភាគី នៅក្នុងតំបន់ដែលមិនទាន់កំណត់ព្រំដែន ក៏ប៉ុន្តែភាគីថៃបានបំពានជាបន្តបន្ទាប់មកលើកម្ពុជា។ ឯកឧត្តមអ្នកនាំពាក្យក្រសួងការបទេសកម្ពុជាក៏បានគូសបញ្ជាក់ពីមូលហេតុផងដែរដែលទាហានថៃ ទទួលរងគ្រោះថ្នាក់ដោយសារគ្រាប់មីនយ៉ាងដូច្នេះថា៖ «គ្រោះថ្នាក់ដោយគ្រាប់មីនរបស់ទាហានថៃ ដោយសារកងទ័ពថៃបានចូលទៅក្នុងតំបន់ដែលមានគ្រាប់មីន ដែលត្រូវបានដឹងយ៉ាងច្បាស់ ដែលជាការរំលោភបំពាន់លើកំណត់ហេតុក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។ មីនទាំងនោះមាននៅក្នុងសម័យកាលជម្លោះផ្ទៃក្នុងកម្ពុជាក្នុងឆ្នាំ១៩៧០ និងឆ្នាំ១៩៨០»។

    ជាមួយគ្នានោះដែរឯកឧត្ដម ជុំ សុន្ទរី ក៏បានចាត់ទុកសេចក្តីថ្លែងការណ៍របស់ភាគីថៃជាសេចក្តីថ្លែងការណ៍បង្ករឿង ហើយកម្ពុជាសូមធ្វើការថ្កោលទោសចំពោះការប្រកាសរបស់មេបញ្ជាការភូមិភាគ២ថៃ ដែលបានប្រកាសថានឹងដណ្តើមយកប្រាសាទការក្របី និងបិទប្រាសាទតាមាន់ ។ ឯកឧត្ដមអ្នកនាំពាក្យក៏បានអះអាងថា ការគំរាមកំហែងបែបនេះគឺជាការរំលោភលើធម្មនុញ្ញអង្កការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តមបានថ្លែងបញ្ជាក់ផងដែរថា កម្ពុជានៅតែតាំងចិត្ដក្នុងការដោះស្រាយជំម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងស្របតាមតុលាការយុត្តិធម៌អន្តរជាតិ ព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរដោយប្រើកម្លាំង ឬការគំរាមកំហែងដោយកម្លាំងនោះឡើយ។

    ក្នុងឱកាសនោះដែរ ឯកឧត្ដម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសក៏បានសង្កត់ធ្ងន់ថា កម្ពុជាស្នើទទូចឱ្យម៉ាឡេស៊ីដែលជាប្រធានអាស៊ាននៅពេលបច្ចុប្បន្ន និងបណ្តាប្រទេសជាអ្នកសម្របសម្រួលបទឈប់បាញ់សូមបង្កើតឡើងឱ្យបានឆាប់រហ័សនូវយន្តការត្រួតពិនិត្យដ៏រឹងមាំ និងឯករាជ្យមួយ ដើម្បីទប់ស្កាត់ការកើនឡើងនូវភាពតានតឹង និងដើម្បីការពារអាយុជីវិតប្រជាជនស៊ីវិល និងកងទ័ព។ ឯកឧត្តមបានអះអាងបន្ថែមថា៖ «កម្ពុជាចាត់ទុកតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ជាវេទិការដែលអាចជឿជាក់បំផុតសម្រាប់ដំណោះស្រាយជាស្ថាពរ ហើយសម្រាប់កម្ពុជាអំពាវនាវឱ្យភាគីថៃទទួលយកនូវយុត្ថាធិការដោយសុចរឹត»៕

    ប្រភព៖ ក្រសួងព័័ត៌មាន

    Share This Post: