ចិនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសង្គ្រាមជាមួយអាមេរិក ប៉ុន្តែពួកគេនឹងនៅតែបើកទ្វារសម្រាប់ការចរចារ
រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិកលើវិស័យពាណិជ្ជកម្ម ប៉ុន្តែពួកគេនៅតែបើកទ្វារចំហសម្រាប់ការចរចា។ លោក Wei Fenghe បានប្រាប់កិច្ចពិភាក្សាសន្តិសុខអន្តរជាតិនៅសិង្ហបុរីថា៖ «នៅក្នុងជម្លោះពាណិជ្ជកម្មដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក ប្រសិនបើសហរដ្ឋអាមេរិកចង់និយាយ (ចរចារ) យើងនឹងនៅតែបើកទ្វារទទួល។ ប៉ុន្តែប្រសិនបើពួកគេចង់ប្រយុទ្ធ យើងក៏ត្រៀមខ្លួនរួចរាល់»។

ក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនត្រូវបានជាប់គាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្មដ៏មានភាពតឹងតែង សម្រាប់ការផ្លាស់ប្តូរពន្ធលើទំហំទឹកប្រាក់ ៣៦០ពាន់លានដុល្លារអាមេរិក នៅក្នុងពាណិជ្ជកម្មទ្វេភាគីរហូតមកដល់ពេលនេះ។ ហើយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងក៏កំពុងប្រជែងគ្នា ដើម្បីទទួលបានឥទ្ធិពលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនេះជាមូលហេតុបង្កភាពតានតឹងនៅតាមសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងច្រកសមុទ្រតៃវ៉ាន់៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia