ជប៉ុនផលិតឆ័ត្រមានកង្ហារ និងអាចបាញ់ចំហាយទឹក ដើម្បីទប់ទល់នឹងអាកាសធាតុដ៏ស្អុះស្អាប់នារដូវក្ដៅ
ជាការពិតនារដូវក្តៅតែងតែមានការរងសម្ពាធពីរលកកម្តៅក្តៅខ្លាំង ដូច្នេះហើយនៅពេលដែលពួកយើងធ្វើដំណើរចេញក្រៅដោយថ្មើរជើងម្តងៗ វាគឺពិតជាមានការពិបាកនឹងទទួលយកភាពក្តៅហួតហែងនេះខ្លាំងណាស់។ ជារឿយៗឆ័ត្រធម្មតាគឺមិនគ្រប់គ្រាន់ ដើម្បីការពារពួកយើងពីកម្តៅព្រះអាទិត្យនោះទេ ជាពិសេសនៅពេលសីតុណ្ហភាពឡើងដល់ប្រហែល (ឬលើស) ៤០អង្សាសេ ខណៈសំណើមក៏ឈានដល់កម្រិតខ្ពស់ផងនោះ។ ប៉ុន្តែថ្មីៗនេះក្រុមច្នៃប្រឌិតរបស់ក្រុមហ៊ុនជប៉ុនបានរកឃើញនូវដំណោះស្រាយដ៏ឈ្លាសវៃមួយ ដោយពួកគេបានផលិតនូវឆ័ត្រម៉្យាង ដើម្បីទប់ទល់នឹងអាកាសធាតុដ៏ស្អុះស្អាប់នេះ។

ក្រុមហ៊ុនជប៉ុនមួយមានឈ្មោះថា Thanko បាននាំពួកយើងទៅកាន់អនាគត ជាមួយនឹងឆ័ត្រ Fanbrella ដែលជាឆ័ត្រកូនកាត់កង្ហារ។ Fanbrella មិនត្រឹមតែផ្ដល់នូវម្លប់ឱ្យលោកអ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏រក្សាអ្នកប្រើប្រាស់ឱ្យត្រជាក់ស្រួលខ្លួនជាមួយកូនកង្ហារនៅពីក្នុងផងដែរ។ ប្រសិនបើកង្ហារ និងម្លប់របស់ឆ័ត្រវានៅមិនទាន់មិនគ្រប់គ្រាន់សម្រាប់លោកអ្នកទេនោះ ឆ័ត្រ Fanbrella ក៏នៅមានជម្រើសមួយទៀត ដើម្បីឱ្យអ្នកប្រើប្រាស់អាចបាញ់ចំហាយទឹកត្រជាក់ ដោយគ្រាន់តែដាក់ដបទឹកសុទ្ធនៅចុងដងកាន់របស់វា ហើយចុចលើប៊ូតុងសម្រាប់បាញ់ចំហាយទឹកជាការស្រេច។ លោកអ្នកក៏អាចមើលបានពីរបៀបនៃការប្រើប្រាស់របស់វា តាមរយៈវីដេអូខាងក្រោមនេះផងដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ NextShark