ថ្ងៃនេះនឹងមានបើកកិច្ចប្រជុំ RBC រវាង មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា ជាមួយ មេបញ្ជាការកងទ័ពភូមិភាគទី ២ថៃ
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ថ្ងៃនេះនឹងមានបើកកិច្ចប្រជុំ RBC រវាង មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា ជាមួយ មេបញ្ជាការកងទ័ពភូមិភាគទី ២ថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ នឹងមានបើកកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ កម្ពុជា-ថៃ (RBC) នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិ ជាំស្រង៉ាំ ស្ថិតនៅខេត្តឧត្តរមានជ័យ។

ក្នុងសេចក្តី សង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៧ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះដែរសម្រាប់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តម សេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RB)។ ដោយឡែកគណៈប្រតិភូថៃដឹកនាំដោយឧត្តមសេនីយ៍ ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២របស់ថៃ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថ្លែងថា តាមរយៈកិច្ចប្រជុំនេះកម្ពុជាសង្ឃឹមយ៉ាងមុតមាំថាកិច្ចប្រជុំនេះនឹងប្រព្រឹត្តិទៅទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀតដែលអនុញ្ញាតឱ្យភាគីទាំងពីរជំរុញដល់ការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ និងនាំមកនូវសន្តិភាព ស្ថេរភាព និងស្ថានភាពប្រក្រតីភាពវិលត្រឡប់មកវិញបានយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ថាកាលពីវេលាលាម៉ោង ០៩:២០នាទីព្រឹក ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ នៅច្រកព្រំដែនអន្តរជាតិជាំ សាង៉ាំ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និង ក្រុមលេខាធិការយោធភូមិភាគទី២ ថៃបានបើកកិច្ចប្រជុំ ដើម្បីរកដំណោះស្រាយ ពីវិបត្តិព្រំដែន រវាងប្រទេសទាំងពីរ។
បើយោងតាមក្រសួងការពារជាតិបានឱ្យដឹងដែរថា សម្រាប់ភាគីកម្ពុជា ក្នុងកិច្ចប្រជុំនេះបាន ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការរបស់យោធភូមិភាគទី៤ កម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមលេខាធិការយោធភូមិភាគទី២ ថៃ ដឹកនាំដោយ វរសេនីយ៍ឯក យុតថៈសាត សេនថៈឆៃ នាយរងសេនាធិការ យោធភូមិភាគទី២។
ប្រភពដដែលនេះបានបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាត្រួតពិនិត្យការប្រុងប្រៀបសម្រាប់កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងយោធភូមិភាគទី២ ថៃ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥និងសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នឹងធ្វើឡើងថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ នេះ៕

ប្រភព៖ ក្រសួងព័ត៌មាន