សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ដាក់ទិសដៅក្នុងការពង្រីកខ្លួន ដើម្បីពង្រឹងខ្លួនឯង
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា ដាក់ទិសដៅក្នុងការពង្រីកខ្លួនដោយមិនត្រូវនៅតែជា SME រហូតទេ ពោលគឺត្រូវពង្រឹងខ្លួនពីមីក្រូ ទៅតូច ពីតូចទៅមធ្យម ពីមធ្យមទៅធំ ជាការដាក់ទិសដៅដើម្បីពង្រឹងខ្លួនឯង។ ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។

សម្តេចធិបតី នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា មហិច្ឆតាគឺត្រូវតែមាន តែមហិច្ឆតាគឺជាមហិច្ឆតាសមស្របទៅតាមការអភិវឌ្ឍរបស់សង្គម និងអត្ថប្រយោជន៍រួម ហើយមិនមែនមានន័យថាយើងមិនចង់រីក តែរីកក្នុងន័យស្រប រីកក្នុងន័យសុចរិតភាព រីកក្នុងន័យបង្កើននូវការជឿទុកចិត្ត និងការប្រកួតប្រជែង។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីសង្ឃឹមថា ចលនា និងចរន្តនៃការរីកចម្រើននៃការគាំទ្រផលិតផលក្នុងស្រុក ដែលយើងឃើញនៅឆ្នាំ២០២៥ក្រោយជម្លោះព្រំដែននឹងនៅតែមាន ហើយមានបន្តយូរអង្វែងតទៅទៀត ប៉ុន្តែរឿងទីផ្សារសេរីវាជានៅត្រង់អ្នកផ្គត់ផ្គង់ និងអ្នកត្រូវការ បើអ្នកត្រូវការគាំទ្រហើយ តែអ្នកផ្គត់ផ្គង់អត់មានលទ្ធភាពធ្វើឱ្យ តើគាត់អាចនៅទទួលយកទេ គឺគាត់នឹងមានជម្រើសផ្សេងហើយ។ ដូច្នេះ យើងត្រូវធ្វើឱ្យកាន់តែរឹងមាំ កាន់តែមានភាពសម្បូរបែប។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា កាលពីឆ្នាំ២០២៣ គឺ៣ឆ្នាំមុន កម្ពុជា មានផលិតផលតែ ១ ៣៣៦មុខទេដែលត្រូវចុះបញ្ជី តែឥឡូវគ្រាន់តែ៥ខែដំបូង ឆ្នាំ២០២៦នេះ យើងឡើង ២ ៣៥៣ បានន័យថា កើនឡើងចង់មួយជាពីរហើយគ្រាន់តែ៥ខែ ដំបូងនេះ ប្រៀបធៀបពេញមួយឆ្នាំ២០២៣ នេះគឺជាចំណុចវិជ្ជមានរបស់យើង ខណៈដែលកម្ពុជានៅមានសក្ដានុពលជាច្រើនទៀតនៅក្នុងការផលិត។ សម្តេចធិបតីសង្ឃឹមថា ផលិតផលរបស់កម្ពុជា វាយស្លាកកម្ពុជា មិនមែនធ្វើនៅក្រៅប្រទេសវាយស្លាកធ្វើនៅកម្ពុជានោះទេ គឺមិនមែនយកពីក្រៅមកបកស្លាកហើយដាក់ស្លាកកម្ពុជាទេ គឺផលិតនៅកម្ពុជា វាយស្លាកកម្ពុជា និងនៅលើតាមទីផ្សារលក់កាន់តែច្រើន ប្រៀបធៀបទៅនឹងការនាំចូល នេះគឺអ្វីដែលយើងទាំងអស់គ្នាចង់បាន។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការណ៍ដែលយើងអាចធ្វើបានបែបនេះ វាបញ្ជាក់អំពីសមត្ថភាព និងភាពធន់ នៃកម្ពុជាខ្លួនឯង។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា៖ «យើងចំណាយទៅក្រៅរាប់ពាន់លាន នេះនិយាយតែគ្រឿងហូប និងរបស់ប្រើប្រាស់តូចតាចក្នុងផ្ទះ ដែលយើងអាចធ្វើបាន បើថាធ្វើដល់កន្ទុំរុយ ធ្វើដល់គ្រឿងអេឡិចត្រូនិក ទូរស័ព្ទខ្ពស់ៗគឺយើងមិននិយាយទេ។ ប៉ុន្តែ រឿងរបស់ប្រើប្រាស់ក្នុងផ្ទះ ចង្ក្រានបាយ គិតជាលុយរាប់ពាន់លានដុល្លារ ដែលលុយនេះមិនមែនប្រជាជនខ្ចីពីគេមកយកមកចាយទេ វាគឺជាលុយរបស់ប្រជាពលរដ្ឋយើង។ អីចឹងលុយរាប់ពាន់លាននេះ អាចជួយទ្រទ្រង់ធុរកិច្ចក្នុងស្រុកបាន គឺយើងយកតែមួយផ្នែកទេ ឬយកតែ ៣០% ក៏អាចជួយដល់ SME បានច្រើនដែរ»៕


ប្រភព៖ ក្រសួងព័ត៌មាន