ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្លូវមហាវិថី ស៊ី ជីនពីង ចាប់ពីផ្លូវបំបែកផ្លូវលេខ១១៦ A ដល់ផ្លូវជាតិលេខ១ នឹងត្រូវបិទជាបណ្ដោះអាសន្ន រយៈពេល៣ឆ្នាំ

    BY soknita September 1, 2025
    ផ្លូវមហាវិថី ស៊ី ជីនពីង ចាប់ពីផ្លូវបំបែកផ្លូវលេខ១១៦ A ដល់ផ្លូវជាតិលេខ១ នឹងត្រូវបិទជាបណ្ដោះអាសន្ន រយៈពេល៣ឆ្នាំ

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ផ្លូវមហាវិថី ស៊ី ជីនពីង ចាប់ពីផ្លូវបំបែកផ្លូវលេខ១១៦ A ដល់ផ្លូវជាតិលេខ១ នឹងត្រូវបិទជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៨ ដោយសារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ជីឥដ្ឋ-ថ្មគរ)។

    ក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាម មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ជ្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងផ្នែកខាងលិចនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្នុង អំឡុងពេលនៃការអនុវត្តគម្រោងសាងសង់នេះ កំណាត់មហាវិថី ស៊ី ជីនពីង ចាប់ពីផ្លូវបំបែកផ្លូវលេខ១១៦A (គ.ម២+៨០០) ដល់ផ្លូវជាតិលេខ១ ត្រូវបានបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ វេលា ម៉ោង០៧ព្រឹក តទៅរហូតដល់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៨។

    ក្នុងន័យនេះ ដើម្បីឱ្យគម្រោងសាងសង់ស្ពានខាងលើប្រព្រឹត្តទៅដោយរលូន ក្រសួងសាធារណការ និង ដឹកជញ្ជូន បានរៀបចំដើម្បីបង្វែរទិសចរាចរណ៍ជាបណ្តោះអាសន្ន ចេញពីទីតាំងខាងលើ តាមផែនទីបង្ហាញ (ដូច មានភ្ជាប់មកជាមួយ) និងកំណត់ប្រភេទយានយន្តប្រើប្រាស់ផ្លូវដូចខាងក្រោម៖

    ១. ប្រភេទយានយន្តធុនស្រាល អាចធ្វើចរាចរណ៍តាមផ្លូវលេខ ១១៦ A។

    ២. ប្រភេទយានយន្តធុនធ្ងន់ ត្រូវធ្វើចរាចរណ៍តាមផ្លូវលេខ ១២ A។

    ៣. សម្រាប់ផ្លូវជាតិលេខ ១ ដែលទីតាំងគម្រោងឆ្លងកាត់ ការធ្វើចរាចរណ៍នៅរក្សាធម្មតា៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post: