កម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះទី១៥ ដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៩ ខែកញ្ញា
(រាជធានីភ្នំពេញ)៖ តាមការការព្យាករធាតុអាកាសប្រចាំសប្តាហ៍របស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះទី១៥ ដែលអាចបណ្ដាលឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ។

យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងនឹងវិវត្តទៅជាព្យុះទី១៥ ក្នុងឆ្នាំ ២០២៥ ដែលមានឥទ្ធិពលលើ សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥៖
១. តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥០%។
២. តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមាន ភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥៥%។
៣.តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខេត្តកំពត កោះកុង ព្រះសីហនុ កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
ដូចបានជម្រាបជូនខាងលើ នៅក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់ដោយមានបរិមាណ កើនឡើងពីបង្ហូរទៅច្រើនដែលលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេស៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម