ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ សភាពការណ៍ជួរមុខមានភាពស្ងប់ស្ងាត់ ពុំមានការវិវត្តន៍អ្វីថ្មីទេ

    BY soknita September 2, 2025
    អ្នកនាំពាក្យក្រសួងការពារជាតិ៖ សភាពការណ៍ជួរមុខមានភាពស្ងប់ស្ងាត់ ពុំមានការវិវត្តន៍អ្វីថ្មីទេ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ នេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា សភាពការណ៍ជួរមុខមានភាពស្ងប់ស្ងាត់ពុំមានការវិវត្តន៍អ្វីថ្មីទេ តែកងកម្លាំងរបស់យើងកំពុងបំពេញតួនាទីរបស់ខ្លួនប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី។

    ការថ្លែងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

    លោកជំទាវអ្នកនាំពាក្យបានបន្ថែមថា រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជាបន្តរួមគ្នាជាធ្លុងមួយក្នុង ការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ជាទីបំផុត ហើយ កងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងពេញលេញចំពោះការគោរព ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបាននៅម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ រួមនឹងគោលការណ៍ឯកភាពទាំង១៣ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ ដែលបទឈប់បាញ់នេះទទួលបានការ គាំទ្រ និងស្វាគមន៍យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ និងបានឆ្លុះបញ្ចាំងពីបំណងរួមសម្រាប់សន្តិភាពក្នុងតំបន់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: