ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្នុងឆមាសទី១ អង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល បម្រើពលរដ្ឋជាង ២ម៉ឺនសេវា បានចំណូលជាង ៥ពាន់លានរៀល

    BY soknita September 3, 2025
    ក្នុងឆមាសទី១ អង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល បម្រើពលរដ្ឋជាង ២ម៉ឺនសេវា បានចំណូលជាង ៥ពាន់លានរៀល

    (ខេត្តកណ្ដាល)៖ នៅព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងឆមាសទី១ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ដើមឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ២៤.៧៦២សេវា និងទទួលបានចំណូល ៥.២២៤.៣៧០.៩០០រៀល។ នេះបើយោងតាមរបាយការណ៍ ស្តីពីវឌ្ឍនភាពរបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋខេត្តកណ្តាល។

    ដោយផ្អែកតាមរបាយការណ៍ដដែល សេវាដែលមានពលរដ្ឋស្នើសុំច្រើនជាងគេមាន វិស័យសាធារណការ និងដឹកជញ្ជូនផ្តល់បានចំនួន ៨.២៦៤សេវា វិស័យសុខាភិបាលចំនួន ៤.៨៥៣សេវា វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីចំនួន ៤.៣៣៧សេវា (តាមប្រព័ន្ធអនឡាញបានចំនួន ៥.៧១០សេវា) វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ៥៨៤សេវា វិស័យនីត្យានុកូលកម្មផ្តល់បានចំនួន ៤៦៩សេវា វិស័យព័ត៌មានចំនួន ២០៥សេវា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ចំនួន ១៥០សេវា និងវិស័យទេសចរណ៍ចំនួន ៧២សេវា។

    សូមបញ្ជាក់ផងដែរថា អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកណ្ដាលមានទាំង១៣ក្រុង-ស្រុក និងបានដាក់ឱ្យដំណើរការដំបូង ចាប់ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ ដោយអនុវត្តតាមអនុក្រឹត្យលេខ១៨ អនក្រ.បក និងតាមប្រកាសលេខ ៣៨៧១ ប្រ.ក ក្នុងគោលបំណងលើកកម្ពស់ គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្ដុំការផ្តល់សេវារដ្ឋបាល ទាំង១៤វិស័យស្មើនឹង៧០៥សេវា។

    ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងការដឹកនាំតម្រង់ទិសដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តកណ្ដាល ក្រោមការដឹកនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានជំរុញឱ្យច្រកចេញចូលតែមួយ ចាប់ថ្នាក់ខេត្ត ដល់ឃុំ សង្កាត់ ខិតខំយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អបំផុត ជាពិសេសរិះរកគ្រប់មធ្យោបាយកាត់បន្ថយការកកស្ទះឯកសារនានា សំដៅធ្វើយ៉ាងណាឱ្យការបម្រើសេវាសាធារណៈ កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក៏ដូចបណ្ដារាជធានី ខេត្តផ្សេងទៀតដែរ ប្រជាពលរដ្ឋខេត្តកណ្តាល បានបង្ហាញការពេញចិត្ត ចំពោះការផ្តល់សេវា តាំងពីពេលចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ន។ ការពេញចិត្តនេះ ក៏ដោយសារការផ្តល់សេវា មានភាពលឿនរហ័សទាន់ចិត្ត មិនមានការស្មុគស្មាញច្រើន ខណៈមន្ត្រីទទួលបន្ទុកការងារនេះ តែងពន្យល់ណែនាំ សម្របសម្រួល ដែលធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងទទួលបាននូវភាពកក់ក្តៅ៕

    ប្រភព៖ ក្រសួងមហាផ្ទៃ

    Share This Post: