អគ្គបញ្ជាការដ្ឋាន បដិសេធទាំងស្រុងការប្រឌិតព័ត៌មានដែលថា ‹‹រាជរដ្ឋាភិបាលបានគំរាមកំហែង និងកាត់ប្រាក់ខែទ័ពជួរមុខ››
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ អគ្គមេបញ្ជាការ បានចេញលិខិត បដិសេធទាំងស្រុងការប្រឌិតព័ត៌មានដែលថា ‹‹រាជរដ្ឋាភិបាលបានគំរាមកំហែង និងកាត់ប្រាក់ខែទ័ពជួរមុខ››។

ដោយ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងយោធពលខេមរភូមិន្ទ សូមធ្វើការបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ ជនក្បត់ជាតិ ៣ជំនាន់ សម រង្សី និងបក្សពួក ដែលថា «រាជរដ្ឋាភិបាល បានគម្រាមកំហែងនិងកាត់ប្រាក់ខែ កងទ័ពជួរមុខ»។
រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ក្នុង ការផ្តល់គោលរបប និងផ្គត់ផ្គង់បន្ថែមដល់កងទ័ពជួរមុខ ព្រមទាំងមានគោលរបបពិសេសចំពោះយោធិនពលី ពិការដើម្បីការពារជាតិ មាតុភូមិ។
កងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុងនិងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយ ព័ត៌មានបំភ្លៃបំផ្លើសការពិតរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សពួក ដែលមានគោលបំណង បំបាក់ស្មារតីនិងប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិនិង ប្រជាជនខ្មែរ ដែលរងគ្រោះការរំលោភបំពានទាំងកម្រោលមកលើបូរណទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី និងបក្សពួក បាននិងកំពុងលុបបំបាត់កិត្តិយសវីរៈយុទ្ធជន និងជនរងគ្រោះ បំផ្លាញស្មារតីសាមគ្គីជាតិ ខណៈរាជរដ្ឋាភិបាល ប្រជាជនកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជា កងយោធពលខេមរភូមិន្ទ បាននិងកំពុងតស៊ូក្រាញននៀលប្រយុទ្ធយ៉ាងប្តូរផ្តាច់ ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងប្រជាជន។
យើងខ្ញុំទាំងអស់គ្នា សូមថ្កោលទោសដាច់អហង្ការនិងស្នើសុំឱ្យអនុវត្តច្បាប់ដកសញ្ជាតិ និងបទល្មើស ព្រហ្មទណ្ឌផ្សេងៗទៀត ចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្សី និងបក្សពួក៕

ប្រភព៖ ឯកសារមន្ត្រីសាធារណៈ