ស្ថានទូតចក្រភពអង់គ្លេស សាទរក្រោយគ្រាប់ស្វាយចន្ទីកម្ពុជា ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិយ៉ាងទូលំទូលាយ
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ បានឱ្យដឹងថា ស្ថានទូតចក្រភពអង់គ្លេស សាទរក្រោយគ្រាប់ស្វាយចន្ទីកម្ពុជា ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិយ៉ាងទូលំទូលាយ។

យោងតាមបណ្តាញសង្គមការងារផ្លូវការ ស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងនារសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ថា គ្រាប់ស្វាយចន្ទីកម្ពុជាស្ថិតក្នុងចំណោមគ្រប់ធនជាតិល្អបំផុតនៅលើពិភពលោក។ ប្រភពដដែល បានបន្តថាចក្រភពអង់គ្លេស មានមោទនភាព ដែលបានគាំទ្រក្រុមហ៊ុន Ample Agro បានចែករំលែករសជាតិដ៏អស្ចារ្យនៃគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ពិភពលោក។
តាមរយៈកម្មវិធីភាពជាដៃគូពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ដែលអនុវត្តដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ស្ថានទូតចក្រភពអង់គ្លេស បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជីវកម្មកសិឧស្សាហកម្ម ដើម្បីពង្រឹងម៉ាកយីហោ ទីផ្សារ និងយុទ្ធសាស្រ្តនាំចេញរបស់ពួកគេ។ ការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដល់ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញ ដែលមានសក្តានុពល និងប្រើប្រាស់គ្រោងការណ៍ពាណិជ្ជកម្មនៃប្រទេសកំពុងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស កិច្ចខិតខំប្រឹងប្រែងទាំងនេះកំពុងទទួលបានផ្លែផ្ការួចហើយ ជាមួយនឹងការនាំចេញ ការបង្កើតការងារ និងការរីកលូតលាស់នៃការទទួលស្គាល់ផលិតផលកសិកម្មឆ្នើមរបស់កម្ពុជា។
គួរជម្រាបជូនថា នៅព្រឹកនេះ ឯកឧត្តម ឯកអគ្គរាជទូត Dominic Williams បានអញ្ជើញធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Ample Agro ដើម្បីបញ្ជូនគ្រាប់ស្វាយចន្ទីកម្ពុជាគុណភាពខ្ពស់ទៅកាន់អឺរ៉ុប។
នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលអាចធ្វើទៅបានតាមរយៈការតភ្ជាប់ ដែលបង្កើតឡើងដោយកម្មវិធីដៃគូពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស។
ស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចង់ឃើញផលិតផលកម្ពុជាជាច្រើនទៀតនៅលើធ្នើផ្សារទំនើបរបស់ចក្រភពអង់គ្លេសក្នុងពេលឆាប់ៗនេះ និងដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅតាមរយៈពាណិជ្ជកម្ម ការច្នៃប្រឌិត និងភាពជោគជ័យរួមគ្នា៕



ប្រភព៖ ក្រសួងព័ត៌មាន