ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទាក់ទាញបានក្រុមហ៊ុន Saigontourist Group ដ៏ធំរបស់វៀតណាម មកចូលរួមជួយជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

    BY Nisaiy KN September 6, 2025
    ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទាក់ទាញបានក្រុមហ៊ុន Saigontourist Group ដ៏ធំរបស់វៀតណាម មកចូលរួមជួយជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

    ទីក្រុងហូជីមិញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជាចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១៩ និងបន្ទាប់ពីជំនួបជាន់ខ្ពស់ជាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម, ឯកឧត្តមប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងលោក-លោកស្រីជាប្រធានក្រុមហ៊ុនទេសចរណ៍ធំៗ របស់ទីក្រុងហូជីមិញ និងប្រទេសវៀតណាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូវិស័យទេសចរណ៍កម្ពុជា បានទទួលជួបពិភាក្សាការងារចង្អៀត និងជាន់ខ្ពស់ជាមួយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Saigontourist Group ដែលមានលោក Truong Duc Hung និងសហការីជាអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន នៅសណ្ឋាគារដ៏សំខាន់ និងមានអាយុកាលជាង១០០ឆ្នាំរបស់ក្រុមហ៊ុនឈ្មោះ Majestic Saigon។

    ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តបង្កើតកិច្ចសហប្រតិបត្តិជាមួយវិស័យទេសចរណ៍ឯកជនកម្ពុជាតាមរយៈការអនុវត្តជាក់ស្តែង និងគ្រប់ផ្នែករបស់ក្រុមហ៊ុន គឺពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងការជឿជាក់ដ៏មុតមាំលើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានបន្តធានានូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ជួយឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសគឺការធានាសុខសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យន្តការលើកទឹកចិត្ត និងផ្តល់អាទិភាពដល់វិនិយោគិន ការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើដល់វិស័យទេសចរណ៍។ តាមរយៈជំនួបជាលើកដំបូងដែលដឹកនាំផ្ទាល់ដោយឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា បានត្រួសត្រាយបង្កើតកិច្ចសហប្រតិបត្តិដោយផ្ទាល់ និងជាក់ស្តែងរវាងវិស័យទេសចរណ៍ឯកជនកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ដ៏ធំ និងឈានមុខគេមួយនៅទីក្រុងហូជីមិញ និងប្រទេសវៀតណាម ដោយត្រៀមរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍ជាលក្ខណៈអន្តរជាតិទាំងនៅកម្ពុជា និងវៀតណាមនាពេលឆាប់ៗ ខាងមុខនេះ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានច្រើនឡើងបន្ថែមទៀត។

    សូមបញ្ជាក់ជូនថា ក្រុមហ៊ុន Saigontourist Group ដ៏ធំ និងឈានមុខគេនេះ បង្កើតឡើងជាង៥០ឆ្នាំ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម គ្រប់គ្រងលើសណ្ឋាគារកម្រិតផ្កាយជាច្រើនជាង៥០ ទីលានវាយកូនគោលកម្រិតអន្តរជាតិ ក្រុមហ៊ុនទេសចរណ៍ជាបុត្រសម្ព័ន្ធជាង១០០ក្រុមហ៊ុន មានក្រុមហ៊ុនជាដៃគូជាង២០០ ពី៣០ប្រទេស បុគ្គលិកជិត២០.០០០នាក់ ជាមួយសាលាបណ្តុះបណ្តាលទេសចរណ៍ផ្ទាល់របស់ក្រុមហ៊ុន និងបានកំណត់ទទួលភ្ញៀវទេសចរច្រើនជាង ២លាននាក់ក្នុងឆ្នាំ២០២៥ បង្កើនប្រាក់ចំណូលក្រុមហ៊ុនបានដល់ជាង ១៨.៨០០ពាន់លានដុង (ស្មើនឹង៧០០លានដុល្លារអាម៉េរិក)៕

     

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: